ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងនិងកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងក្រុងស្វាយរៀងកាលពីវេលាម៉ោង២និង១០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នៅចំណុចភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
មន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមាន៖
ទី១-ឈ្មោះ សួន សុមេសា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។
ទី២-ឈ្មោះ ទិត សុផា ហៅឌី អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ទី៣-ឈ្មោះ ទិត រដ្ឋា ហៅស៊ុយ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
និងទី៤-ឈ្មោះ ទិត សុដាណា ហៅសង់ អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ប្រភពបន្តថា កម្លាំងសមត្ថកិច្ចកាលពីវេលាយប់ឈានចូលថ្ងៃទី៧ ខែកក្កដាបានចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់មួយនាក់នៅចំណុចភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ដែលមានឈ្មោះ សួន សុមេសា ហើយដោយមានឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ៨ព្រឹកថ្ងៃដដែលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោសែន កុសល និងអាជ្ញាធរមូលដ្ឋានបានបន្តឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញនិងដកហូតសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានឲ្យដឹងទៀតថា តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថាគេទិញថ្នាំញៀនពីឈ្មោះ ទិត សុផា ហៅឌី។ ដូច្នេះហើយទើបនៅម៉ោង ៩និង២០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ បន្ថែមទៀត នៅចំណុចភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់សមត្ថកិច្ច បញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ យឹម សុថាន