ព័ត៌មានទាន់ហេតុការណ៍៖

FIFA បញ្ជាឲ្យក្លឹបអុីរ៉ង់ Persepolis បង់ប្រាក់៥៨០.០០០ដុល្លារដល់អតីតគ្រូបង្វឹក Calderon

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យក្លិបបាល់ទាត់អុីរ៉ង់ឈ្មោះ Persepolis បង់ប្រាក់ចំនួន៥៨០.០០០ ដុល្លារអាមេរិកដល់អតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Gabriel Calderon
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្លឹប Persepolis បានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនGabriel Calderon កាលពីខែមករាក្រោយដឹកនាំរយៈពេល៦ខែ ប៉ុន្តែបានខកខានមិនបានបើកប្រាក់ឈ្នួលពេញលេញជូនគាត់រហូតមកដល់ពេលនេះ។ ក្លឹបយក្សអុីរ៉ង់មួយនេះមានពេល១០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកីឡារបស់ FIFA

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្លឹប Persepolis ក៏ត្រូវបង់ប្រាក់៩០.០០០ដុល្លារសហរដ្ឋអាមេរិកដល់ជំនួយការរបស់លោកCalderon គឺលោក Joaquin Gil Arrondo និង៧៥.០០០ដុល្លារអាមេរិកដល់លោក Inigo Valencia ផងដែរ

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ FIFA បានបញ្ជាឲ្យក្លឹបPersepolis បង់ប្រាក់ជាងមួយលានអឺរ៉ូដល់អតីតគ្រូបង្វឹកលោក BrankoIvankovic ចំណែកប្រាក់២០០.០០០អឺរ៉ូផ្សេងទៀតក៏ត្រូវបង់ឲ្យជំនួយការគ្រូបង្វឹក៣រូបគឺលោក Igor Panadic  (គ្រូបង្វឹកអ្នកចាំទី), លោក Zlatko Ivankovic (ជំនួយការ) និង Marco  (គ្រូបង្វឹកសម្បទា) ៕ដោយ៖ភារៈ


ចែករំលែក៖