អន្តរជាតិ៖ បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមានរយៈពេលជាង ១សប្តាហ៍ហើយនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសពីការផ្អាកសន្ធិសញ្ញាបត្យាប័នជាមួយហុងកុងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។ ក្រៅពីផ្អាកសន្ធិសញ្ញាជាមួយហុងកុងនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការពន្យារពេលទិដ្ឋការសម្រាប់ប្រជាជនហុងកុង ដែលកំពុងស្នាក់នៅអូស្ត្រាលីផងដែរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុង ដោយសារច្បាប់សន្តិសុខជាតិហុងកុងធ្វើឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋានជាច្រើន។ ក្រោមច្បាប់នេះ ជនសង្ស័យអាចត្រូវគេបញ្ជូនទៅកាត់ទោសនៅចិនដីគោកបាន បើរងការចោទប្រកាន់ពីបទល្មើសទាក់ទិននឹងសន្តិសុខជាតិ។ ដោយនៅក្រោមកិច្ចព្រមព្រៀងបត្យាប័នប្រទេសជាសមាជិកអាចបញ្ជូនជនសង្ស័យដែលប្រព្រឹត្តបទល្មើសណាមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ដោយផ្អែកទៅតាមការស្នើសុំរបស់ប្រទេសសាមី។
ក្រៅពីលើកឡើងពីបញ្ហាផ្អាកសន្ធិសញ្ញាបត្យាប័នជាមួយហុងកុង លោកMorrison ក៏បានលើកឡើងពីការផ្តល់សិទ្ធិឲ្យប្រជាជនហុងកុងអាចរស់នៅអូស្ត្រាលីបានជាអចិន្ត្រៃយ៍ផងដែរ។ «មានប្រជាជនហុងកុងមួយចំនួន អាចនឹងប្តូរទៅរស់នៅកន្លែងផ្សេង ដើម្បីចាប់ផ្តើមជីវិតថ្មីចាប់យកជំនាញផ្ទាល់ខ្លួននិងបើកជំនួញ»។ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងបែបនេះ ដោយបន្ថែមថា អូស្ត្រាលី គឺជាប្រទេសមួយដែលស្វាគមន៍ប្រជាជនមកពីជុំវិញពិភពលោក។
ក្នុងការផ្តល់សិទ្ធិឲ្យប្រជាជនហុងកុង អាចរស់នៅអូស្ត្រាលីបានជាអចិន្ត្រៃយ៍នោះ លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា អូស្ត្រាលី នឹងជួយពន្យារពេលទិដ្ឋាការដល់សិស្ស និស្សិតហុងកុងដែលបញ្ចប់ការសិក្សានៅអូស្ត្រាលី ដល់រយៈពេល៥ឆ្នាំ ដើម្បីស្នាក់នៅអូស្ត្រាលីបណ្តោះអាសន្នសិន។ បន្ទាប់ពីរយៈពេល ៥ឆ្នាំនេះ និស្សិតអាចដាក់ពាក្យស្នើសុំរស់នៅជាអចិន្ត្រៃយ៍ក្នុងអូស្ត្រាលីបាន។ ចំណែកអ្នកធ្វើការនៅអូស្ត្រាលី ក៏អនុវត្តតាមវិធីសាស្ត្រនេះដែរ និងអាចរស់នៅអូស្ត្រាលីបានជាអចិន្ត្រៃយ៍ដូចគ្នា។
ក្នុងពេលនេះ ប្រជាជនហុងកុងយ៉ាងហោចណាស់ ១០ម៉ឺននាក់នៅអូស្ត្រាលីកំពុងកាន់ទិដ្ឋាការសិស្ស ឬទិដ្ឋាការធ្វើការបណ្តោះអាសន្ន។ទន្ទឹមនេះ លោកMorrison ក៏បានអំពាវនាវឲ្យក្រុមហ៊ុនមួយចំនួនដែលមានទីស្នាក់ការនៅហុងកុង អាចមករកស៊ីនៅអូស្ត្រាលីក៏បានដែរហើយអូស្ត្រាលីនឹងជួយសម្រួលពីបញ្ហានេះ ដូចជាការលើកទឹកចិត្ត និងកញ្ចប់ទិដ្ឋាការបុគ្គលិកជាដើម។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីខាងលើ ធ្វើឡើងបន្ទាប់ពីអូស្ត្រាលី បានព្រមានប្រជាជនរបស់ខ្លួននៅហុងកុង ថាអាចនឹងប្រឈមគ្រោះថ្នាក់ ដោយសារការឃុំខ្លួនមិនដឹងពីមូលហេតុត្រឹមត្រូវ។
ចំណែកនូវែលសេឡង់ ដែលជាប្រទេសជិតខាងអូស្ត្រាលី ក៏កំពុងពិនិត្យមើលពីទំនាក់ទំនងជាមួយហុងកុងឡើងវិញផងដែរ បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង ចូលជាធរមាន។ ការពិនិត្យមើលទាំងនោះរួមមាន កិច្ចព្រមព្រៀងបត្យាប័ន ការនាំចេញទំនិញយុទ្ធសាស្ត្រមកហុងកុងនិងការណែនាំក្នុងការធ្វើដំណើរមកហុងកុងជាដើម។
សូមបញ្ជាក់ថា ទំនងទំនងរវាងចិន និងអូស្ត្រាលី ក្នុងរយៈពេលចុងក្រោយនេះ ក៏បានស្ថានភាពល្អក់កករដែរ បន្ទាប់ពីអូស្ត្រាលីទាមទារឲ្យមានការស៊ើបអង្កេតពីប្រភពដើម នៃកូរ៉ូណាវីរុសនៅក្នុងប្រទេសចិន។ ក្រៅពីនេះទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ក៏បានបញ្ហាពាណិជ្ជកម្មបញ្ហាបច្ចេកវិទ្យាអ៊ីនធឺណិត និងបញ្ហាសន្តិសុខជាដើម ។
គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង បានបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង។ អាមេរិក អង់គ្លេស តៃវ៉ាន់ជាដើម សុទ្ធតែមានវិធានការផ្ទាល់ខ្លួនទាក់ទិននឹងច្បាប់ថ្មីនេះ។ ចំណែកអូស្ត្រាលី ក៏បានចេញចំណាត់ការផ្ទាល់ខ្លួនដែរ បន្ទាប់ពីច្បាប់សន្តិសុខជាតិ បានចូលជាធរមានបានជាង ១សប្តាហ៍ ៕
ដោយ៖ស តារា