ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនូវទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងដែលមានយីហោ “ជីនសេង ទីក្រុងអានីម” ព្រមទាំងឃាត់ខ្លួនប្រុសស្រី២០នាក់ដែលជាអ្នកញៀនល្បែង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងប្រត្តិបត្តិការចុះបង្រ្កាបទីតាំងខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។ ក្នុងនោះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើន តែមិនបានបញ្ជាក់អ្វីខ្លះនោះទេ ចំណែកអ្នកញៀនល្បែង កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនប្រុសចំនួន១៧នាក់ ស្រីចំនួន៣នាក់ សរុប២០នាក់បញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ។
គួររំលឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលបើកប្រតិបត្តិការបង្រ្កាបគ្រប់ទីតាំងល្បែងស៉ីសងខុសច្បាប់ទាំងអស់និង ធ្លាប់បានលើកឡើងថា « ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ ត្រូវតែធ្វើឲ្យបានល្អ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់» ៕
ដោយ៖ ភារ៉ា ដង្កោ