ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រូកក្បាលថ្នល់ ដោយដកការាសសាំងសូគីមុិចចេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏នៅស្តុបចំនួនពីរ គឺស្តុបច្រមុះជ្រូកក្បាលថ្នល់និងស្តុបវត្តនាគវ័នដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុន ខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។

ការបញ្ជាក់ពីការប្ដូរប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញនិងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

     លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំយកស្ថានីយប្រេងឥន្ធនៈសូគីមុិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូរទៅកាន់ទីតាំងផ្សេងដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។

     លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរចរាចរណ៍នៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមុនីវង្សឱ្យបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការាសសាំងសូគីមុិចនៅច្រមុះជ្រូកនេះចេញ។ ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសម្រួលប្រព័ន្ធចរាចរណ៍ផងដែរ ដោយនឹងធ្វើការបើកផ្លូវលេខ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកដែលបច្ចុប្បន្ននេះបិទមិនឱ្យធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវសហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នឱ្យដំណើរការចរាចរណ៍ តែមិនអនុញ្ញាតឱ្យបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅលើកំណាត់ផ្លូវលេខ២២១នេះឡើយ។

     អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានឯកភាពទៅលើការកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពិសេសលោកសាំ ពិសិដ្ឋ មុននឹងបើកឲ្យធ្វើចរាចរណ៍នៅស្ទុបទាំង២នេះត្រូវតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដូចជា តាមបណ្ដាញទូរទស្សន៍ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការកែសម្រួលប្រព័ន្ធចរាចរណ៍នៃស្តុបទាំងពីរខាងលើនេះ ។ដោយឡែកការបើកការដ្ឋានស្ថាបនាប្រឡាយលូដូចជាបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងនាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញគួរតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងផងដែរ៕ ដោយ៖សំរិត


ចែករំលែក៖