ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាព្រូសបុករថយន្តហាយឡាក់រីវ៉ូក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តតូយ៉ូតាព្រូសយ៉ាងលឿនហើយពេលទៅដល់ផ្លូវបែកជាបួនបានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តហាយឡាក់រីវ៉ូ ក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវលេខ១៩៥២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡាក់រីវ៉ូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5458 បើកបរជាលក្ខណ:គ្រួសារ តាមបណ្ដោយផ្លូវលេខ១០០៣ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់ចំណុចកើតហេតុរថយន្តនេះបានបើកឆ្លងកាត់ផ្លូវលេខ១៩៥២ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-8562 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ១៩៥២ក្នុងទិសដៅពីលិចទៅកើតបានជ្រុលទៅបុកចំខាងក្រោយរថយន្តហាយឡាក់រីវ៉ូពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡាក់រីវ៉ូខ្ទាតជាច្រើនម៉ែត្រ ក្រឡាប់ផ្ងារជើង។ ចំណែកឯរថយន្តតូយ៉ូតាព្រូសបានរងការខូចខាតមួយកំណាត់មុខ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យភាគីទាំងពីរចរចាដោះស្រាយគ្នា ហើយក៏មានតំណាងរបស់រថយន្តទាំងពីរគ្រឿងបានចេញមុខមកចរចាគ្នា។ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តតូយ៉ូតាព្រូស ក៏ព្រមយករថយន្តហាយឡាក់រីវ៉ូទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ជ្រោយពេជ្រ


ចែករំលែក៖