ភ្នំពេញ ៖ ក្រុមអ្នកព្យាករក្រសួងធនធានទឹកនិងឧតុនិយមប្រាប់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុយើងសង្កេតឃើញថា នៅថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា។ បន្ទាប់មក នៅថ្ងៃទី១៨-២១ ខែកក្កដា ខ្យល់មូសុងនិរតី នឹងចុះខ្សោយ ។
ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុមានលក្ខណៈដូចខាងក្រោមនេះ ៖
១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c ។ នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងលើអាចមានភ្លៀងច្រើន ។ បន្ទាប់ពីនោះភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម ។
២-បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°c នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតខ្សោយទៅបង្គួរ ។
៣- បណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
នៅក្នុងសេចក្តីជូនដំណឹងពីក្រុមអ្នកព្យាករក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០បានសុំឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕
ដោយ ៖ សុខខេមរា