ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖​ ខ្យល់មូសុងនិរតីនឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រាប់ថា​ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុយើងសង្កេតឃើញថា នៅថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា។ បន្ទាប់​មក នៅថ្ងៃទី១៨-២១ ខែកក្កដា ខ្យល់មូសុងនិរតី នឹងចុះខ្សោយ ។

ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុ​មានលក្ខណៈ​ដូចខាងក្រោមនេះ​ 

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖​ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C​ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c ។​ នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយ​ប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងលើអាចមានភ្លៀងច្រើន ។ បន្ទាប់ពីនោះភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម ។

២-បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖​ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C  សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°c  នឹងអាចមាន​ភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតខ្សោយ​ទៅបង្គួរ ។

៣- បណ្តាខេត្តនៅតាមតំបន់​មាត់​សមុទ្រ​ ៖​ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C​ សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C  នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

នៅក្នុង​សេចក្តី​ជូន​ដំណឹង​ពីក្រុមអ្នក​ព្យាករ​ក្រសួងធនធានទឹក​និង​ឧតុនិយម​ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០បានសុំឱ្យ​បង្កើនការប្រុងប្រយ័ត្នចំពោះបាតុ​ភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕​

ដោយ​ ៖​ សុខខេមរា​


ចែករំលែក៖