ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុងប្រកាសថា៖ ត្រូវទុកជាមោឃៈ ចំពោះការទិញលក់ដី យ៉ាងអនាធិបតេយ្យនៅតំបន់ការពារធម្មជាតិ

ចែករំលែក៖

 

ខេត្តកោះកុង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា៖ ចំពោះសាធារណជនណា ដែលជាប់ពាក់ព័ន្ធទៅនឹងការទិញលក់ដី យ៉ាងអនាធិបតេយ្យ នៅតាមតំបន់ការពារធម្មជាតិ ,តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ដោយពុំមានការចុះពិនិត្យ និងវាស់វែងត្រឹមត្រូវពីសំណាក់មន្ត្រីពាក់ព័ន្ធនិងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខេត្តដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ ត្រូវចាត់ទុកជាមោឃៈ ពីពេលនេះទៅ

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការទិញលក់ដី ដោយមានតែការផ្តិតមេដៃរវាងអ្នកលក់និងអ្នកទិញ មិនមានការចុះពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធគឺជាទង្វើខុសច្បាប់ ហើយរដ្ឋបាលខេត្ត នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការទិញលក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។

ដូចនេះដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការទិញលក់ដីធ្លីទាំងនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់បញ្ឈប់ជាបន្ទាន់នូវការទិញលក់ដីធ្លីមិនស្របច្បាប់បែបនេះ៕ដោយ៖ស តារា


ចែករំលែក៖