ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តស៊េរីទំនើបមួយគ្រឿងនិងរថយន្តធុនធំមួយគឿង ដឹកជញ្ជូនឈើល្មើសច្បាប់

ចែករំលែក៖

     ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថ ប្រចាំស្នាក់ការ ព្រំប្រទល់ខេត្តជាប់ព្រំប្រទល់គ្នានិងខេត្តកំពង់ធំ បានចុះប្រតិបត្តិការ ស្ទាក់ឃាត់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿង ដែលសង្ស័យដឹកឈើល្មើសច្បាប់ បានធ្វើឡើងនៅម៉ោង១ និង២០នាទី រសៀលថ្ងៃទី១៥កក្កដាឆ្នាំ២០២០នេះ នៅលើដងផ្លូវជាតិលេខ៦២ មុខស្នាក់ការអាវុហត្ថព្រំប្រទល់ ស្ថិតក្នុងភូមិជីឱក ឃុំរមនា ស្រុករវៀង ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថស្នាក់ការ បានឲ្យដឹងថា ប្រតិបត្តិការចេញស្ទាក់ចាប់ឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងខាងលើ គឺបានធ្វើឡើងក្រោយទទួលបានបទបញ្ជាពី មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ទើបឈានដល់ការឃាត់ស្ទាក់តែម្តង លោកថាកម្លាំងប្រតិបត្តិការ បានស្ទាក់ចាប់រថយន្តស៊េរីទំនើប មួយគ្រឿង ប្រភេទស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9004 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ 

ក្រោយការបង្ក្រាប រថយន្តដឹកឈើមួយគ្រឿងនេះ ត្រូវបាននាំយកមកប្រគល់អោយ មន្ត្រីស្នាក់ការបរិស្ថានអូរពោធិ៍ ពិនិត្យ វាស់វែង និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា សកម្មភាពចុះបង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តនេះផងដែរ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចឆែប និងស្រុកជ័យសែន ដែលដឹកនាំដោយលោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះស្ទាក់ចាប់រថយន្តធុនធំ១គ្រឿង ប្រភេទ FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0702 នៅលើដងផ្លូវ១ខ្សែ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបរថយន្តនោះ សមត្ថកិច្ចបានរកឃើញថា រថយន្តមួយគ្រឿងនេះ បានផ្ទុក ឈើអារថ្មី ប្រភេទលេខ១ និងលេខ២ គឺឈើស្រឡៅ ឈើឈ្លីក និងឈើទាល ដោយដាក់ឈើចាស់ពីលើ និងដាក់ឈើថ្មីពីក្រោម ហើយសមត្ថកិច្ចនៅក្នុងពេលនោះ ដកហូតឈើអារទាំងចាស់ និងថ្មី បានចំនួន ៣៥៩សន្លឹក និងដើមស្មើ ១០,៩៧១ «១០ ម៉ែត្រគូបត្រីគុណ ៩៧១ម៉ែត្រ» នេះបើតាមការបញ្ជាក់ ពីមន្ត្រី ជំនាញព្រៃឈើ។ សមត្ថកិច្ចនៅគ្រានោះ បានឃាត់បុរសតៃកុងរថយន្តដឹកឈើនោះ ឈ្មោះទូច ទី អាយុ ២៥ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ។ 

ក្រោយការឃាត់រួច កម្លាំងសមត្ថកិច្ច បាននាំយករថយន្តដឹកឈើ និងតៃកុងរថយន្ត ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប រក្សាទុក និងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖មាស សុផាត


ចែករំលែក៖