ព័ត៌មានទាន់ហេតុការណ៍៖

Man City, Tottenham , Arsenal ទទួលបាន៣ពិន្ទុក្នុងសប្តាហ៍ទី៣៦ ខណៈលីកកំពូលអង់គ្លេសកៀកនឹងចប់រដូវកាល

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្រុមខ្លាំងៗទាំង៣គឺក្រុមមេឃខៀវ Manchester City ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងក្រុមកាំភ្លើងធំ Arsenal សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតសប្តាហ៍ទី៣៦ ដែលរដូវកាលនេះលីកកំពូលអង់គ្លេសកៀកនឹងចប់រដូវកាលហើយ ពោលគឺនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល ។

ក្រុមមេឃខៀវ Man City ធ្វើបានល្អក្នុងទឹកដីដោយយកឈ្នះក្រុមភ្ញៀវAFC Bournemouth ក្នុងលទ្ធផល ២ទល់១។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ David Silva នៅនាទីទី៦ និង១គ្រាប់ទៀតរកបានដោយកីឡាករ Gabriel Jesus នៅនាទីទី៣៩។ ចូលដល់តង់ទី២ក្រុមម្ចាស់មិនអាចធ្វើអ្វីក្រុមភ្ញៀវបានទេ ដោយនៅនាទីទី៨៨ជិតចប់ការប្រកួតទៅហើយនោះកីឡាករ Brooks របស់ក្រុមភ្ញៀវក៏រកបាន១គ្រាប់សងវិញ ធ្វើចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Man City ឈ្នះក្រុមAFC Bournemouth ២-១ ទទួលបាន៣ពិន្ទុបន្ថែម ធ្វើឲ្យក្រុមមេឃខៀវបន្តឈរលេខ២ដដែល ខណៈក្រុម AFC Bournemouthនៅចំណាត់ថ្នាក់លេខ១៨ ក្នុងតំបន់កាត់ចោល ។

ចំណែកក្រុម Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ក្នុងលទ្ធផល៣ទល់១។ ១គ្រាប់ដំបូងរបស់ក្រុមភ្ញៀវរកបានដោយកីឡាករSon Heung-Min នៅនាទីទី២៧ ប៉ុន្តែត្រូវកីឡាករ Ritchie រកបាន១គ្រាប់សងវិញនៅនាទីទី៥៦ ចូលដល់នាទីទី៦០ ខ្សែប្រយុទ្ធ Herry Kane រកបាន១គ្រាប់ និងនៅនាទីទី៩០ជិតចប់ការប្រកួតកីឡាកររូបនេះបន្ថែម១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវយកឈ្នះក្រុមម្ចាស់ផ្ទះ៣ទល់១។ លទ្ធផលនេះធ្វើឲ្យក្រុមTottenhamHotspur ឡើងទៅឈរចំណាត់ថ្នាក់លេខ៧ ខណៈក្រុម Newcastle United ឈរចំណាត់ថ្នាក់លេខ១៣។

ដោយឡែកក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវកំពូលតារាងហង្សក្រហម Liverpool ក្នុងលទ្ធផល២ទល់១ ដោយមិនគួរឲ្យជឿ។ ក្រុមភ្ញៀវហង្សក្រហមបានរកគ្រាប់បាល់នាំមុខមុននៅនាទីទី២០ ដោយកីឡាករ Sadio Mane ប៉ុន្តែនៅនាទីទី៣២ កីឡាករ Lacazette របស់ក្រុមកាំភ្លើងធំរកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៤៤ កីឡាករ Nelson រកបាន១គ្រាប់ទៀតធ្វើឲ្យក្រុមកាំភ្លើងធំទទួលបាន៣ពិន្ទុឡើងទៅឈរចំណាត់ថ្នាក់លេខ៩ មាន៥៣ពិន្ទុ។ ចំណែកក្រុមហង្សក្រហមទោះបីចាញ់ក៏ពិតមែន តែក្រុមនេះបានលើកពានលីកកំពូលអង់គ្លេសរួចទៅហើយ ដោយឈ្នះពិន្ទុដាច់ក្រុមលេខ២តាំងពី២សប្តាហ៍មុន ៕ដោយ៖ភារៈ


ចែករំលែក៖