ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលជានិច្ចជាកាលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់ក្នុងការជួយដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា។
លោក គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលនៅក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ បានជួយលើកិច្ចការងារអន្តោប្រវេសន៍ជាច្រើនជូនចំពោះពលរដ្ឋ និងអ្នកទេសចរណ៍អាល្លឺម៉ង់នៅកម្ពុជា។
លោកបានជម្រាបជូនសម្ដេចថាវត្ថុបំណងរបស់ឯកឧត្តមដែលស្នើសុំជួបសម្ដេចនាពេលនេះគឺពាក់ពាក់ព័ន្ធនឹងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីចង់ស្ដាប់ប្រសាសន៍សម្ដេចថាតើមកដល់ពេលនេះបានដំណើរការដល់ចំណុចណា និងថាតើអ្វីជាទស្សនៈវិស័យបន្តទៀតរបស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញការងារនេះ។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ពិតជាយល់យ៉ាងច្បាស់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ពីព្រោះអាល្លឺម៉ង់មានបទពិសោធន៍ខ្លួនឯងផ្ទាល់។ លោកក៏បង្ហាញឆន្ទៈរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបន្តគាំទ្រកម្ពុជាលើដំណើរការកំណែទម្រង់នេះទៀត។
ឯកអគ្គរដ្ឋទូត បានលើកឡើង ជុំវិញជំងឺរាតត្បាតកូវីដ-១៩ ដោយបានសម្ដែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានធ្វើការងារគួរឱ្យកោតសរសើរពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានភាពជំងឺនេះ។
លោកបានសម្តែងការកោតសរសើរក្រសួងមហាផ្ទៃក្នុងការជំរុញ និងបង្កើត ព្រមទាំងដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយកាន់តែច្រើន ដែលការងារនេះលោកចាត់ទុកថាជាជោគជ័យមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
លោកក៏បានថ្លែងកោតសរសើរក្រសួងមហាផ្ទៃដែលបានផ្ទេរសមត្ថកិច្ចផ្ដល់សេវាមួយចំនួនកាលពីពេលថ្មីៗនេះ ដូចជាសេវាធ្វើ និងបញ្ជាក់សៀវភៅស្នាក់នៅជាដើម ដែលការងារនេះឯកអះអាងថាជាលទ្ធផលវិជ្ជមានមួយក្នុងដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ដល់សិទ្ធិអំណាចឱ្យអាជ្ញាធរមូលដ្ឋានកាន់តែច្រើន ដើម្បីងាយស្រួលផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធភាព។
លោកក៏បានបង្ហាញចំណាប់អារម្មណ៍ស្នើសុំរៀបចំទស្សនកិច្ចជាមួយសម្ដេច ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសិក្សាផ្ទាល់នៅតាមមូលដ្ឋានមួយចំនួន ដែលកំពុងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ជាពិសេសខេត្តបាត់ដំបងដែលជាខេត្តកំពុងអនុវត្តសាកល្បងលើការងារនេះ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតសម្រាបើការវាយតម្លៃជាវិជ្ជមានលើដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនៅតែមានការតាំងចិត្តមុតមាំក្នុងការធ្វើកំណែទម្រង់នេះឱ្យបានជោគជ័យតាមផែនការកំណត់។
សម្ដេចមានប្រសាសន៍ថា មកដល់ពេលនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាបានឈានដល់ឆ្នាំបញ្ចប់ដំណាក់កាលទី១រយៈពេល១០ឆ្នាំហើយ និងថាពេលនេះរាជរដ្ឋាភិបាលកំពុងបន្តពិនិត្យពិចារណាកសាងផែនការជំហានទី២បន្ទាប់ទៀត ថាតើគួរកំណត់យករយៈពេល៥ឆ្នាំ ឬ១០ឆ្នាំ។
សម្ដេចបានមានប្រសាសន៍ថានៅក្នុងដំណើរការកំណែទម្រង់នេះ កម្ពុជាក៏បានមកដល់ដំណាក់កាលមួយដែលត្រូវតែផ្ទេរនូវធនធាន សិទ្ធិអំណាច ទាំងធនធានមនុស្ស និងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាការអនុវត្តស្របទៅនឹងផែនការ១០ឆ្នាំរបស់កំណែទម្រង់នេះ។
ពាក់ព័ន្ធនឹងច្រកចេញចូលតែមួយ សម្ដេចបានលើកឡើងថា ជាការពិតការងារនេះមានវឌ្ឍនភាពជាច្រើន ជាក់ស្ដែងមកដល់ពេលនេះ ក្រសួងបានរៀបចំការិយាល័យច្រកចេញចូលតែមួយនៅគ្រប់បណ្ដាខេត្តហើយ ក្នុងនោះ៥០ភាគនៃស្រុកទាំងអស់បានរៀបចំដំណើរការរួលរាល់ និងនៅសល់៥០ភាគរយទៀតនឹងបន្តរៀបចំបន្ថែម ពីព្រោះនេះជាសមិទ្ធផលប្រវត្តិសាស្រ្តក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពួកគាត់។ បើទោះបីជាដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះមិនទាន់ល្អឥតខ្ចោះក៏ដោយ ប៉ុន្តែនេះគឺជាការចេញដំណើរមួយដ៏ល្អ។
ឆ្លើយតបចំពោះការប្ដេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កំណែទម្រង់នេះ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណ ពិសេសការគាំទ្រ និងចូលរួមរៀបចំផែនការកំណែទម្រង់ដំណាក់កាលទី២រយៈពេល៥ឆ្នាំ ឬ១០ឆ្នាំបន្ទាប់។
សម្ដេចបានមានប្រសាសន៍ថានេះគឺកិច្ចការមួយដ៏មានសារៈសំខាន់ចំពោះសង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការជំរុញឱ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវសហមជ្ឈការទទួលបានជោគជ័យ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ សម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានមានប្រសាសន៍ជូនពរឯកឧត្តមដោយភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់សម្ដេចក្នុងការត្រៀមខ្លួនបន្តកិច្ចពិភាក្សាដើម្បីធ្វើឱ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា កាន់តែមានវឌ្ឍនភាពខ្លាំងក្លាថែមទៀត៕ដោយ៖ហេង សូរិយា