ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងហើយដែល ប្រធានាធិបតីដូណាល់ ត្រាំ ស្នើពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានស្នើដល់ពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈឲ្យបានគ្រប់គ្នាដើម្បីបញ្ចៀសការឆ្លងរាលដាលកូវីដ​-១៩​ ។ សកម្មភាពខាងលើ​គឺផ្ទុយទាំងស្រុងជាមួយទស្សនរបស់លោកនាពេលកន្លងមក ។
អ្នកដឹកនាំកម្មវិធី​របស់បណ្តាញព័ត៌មាន​Fox News លោក​Catherine Herridge បានសួរប្រធានាធិបតី​ដូណាល់ ត្រាំថា​ តើលោកអាចចេញច្បាប់បង្ខំឱ្យពលរដ្ឋ​ពាក់ម៉ាស់នៅទីសាធារណៈដែរឬទេ ? លោកត្រាំបញ្ជាក់ថា​ បណ្តាអភិបាលរដ្ឋគួរតែស្តាប់តាមការណែនាំ​របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក (CDC) ហើយការពាក់ម៉ាស់នៅទីសាធារណៈជារឿងល្អបំផុត។
លោកត្រាំ បញ្ជាក់ទៀតថា «​ប្រសិនបើរឿងនោះចាំបាច់ ខ្ញុំនឹងជំរុញឲ្យពលរដ្ឋ​ត្រូវតែពាក់ម៉ាស់ទាំងអស់គ្នា ​សូមស្តាប់ការណែនាំរបស់​(CDC) ។ អគ្គនាយក​CDC លោកRobert Redfield បានអំពាវនាវដល់ប្រធានាធិបតីត្រាំ ធ្វើជាគំរូ ដោយពាក់ម៉ាស់នៅទីសាធារណៈ ។ CDC បានបញ្ជាក់ថា អាមេរិកនឹងគ្រប់គ្រងស្ថានភាពនៃការឆ្លងកូវីដ​-១៩ បានយ៉ាងល្អប្រសិនបើពលរដ្ឋពាក់ម៉ាស់ទាំងអស់គ្នានៅទីសាធារណៈ។
មកដល់ព្រឹកថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​អាមេរិកមានអ្នកឆ្លងកូវីដ -១៩​កើនឡើងសរុបដល់ទៅ៣,៦១៦,៧៤៧នាក់ និងស្លាប់កើនឡើងដល់១៤០,១៤០នាក់ ចំណែកអ្នកជាសះស្បើយវិញក៏បានកើនឡើងដល់១,៦៤៥,៩៦២នាក់ផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖