បរទេស៖ សារព័ត៌មាន SCMP នៅថ្ងៃទី ១៦ខែកក្កដា បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវកាលពីឆ្នាំ២០១៧,២០១៨ និង២០១៩ មានពលរដ្ឋកូរ៉េខាងត្បូងដល់ទៅ៨០ ភាគរយមិនបរិភោគសាច់ឆ្កែនោះឡើយ។ ប៉ុន្តែក៏មានមនុស្សជាច្រើនប្រឆាំងនឹងការហាមប្រាមបរិភោគសាច់ឆ្កែ ដោយចាត់ទុកថាជាការ ចុះចាញ់ចំពោះគំនាបលោកខាងលិច។
នៅថ្ងៃទី១៦ខែកក្កដា ជាថ្ងៃទីមួយក្នុងចំណោម៣ថ្ងៃ «ថ្ងៃបរិភោគសាច់ឆ្កែ»នៅកូរ៉េខាងត្បូង មានបាតុកម្ម កើតឡើងប្រឆាំងការសម្លាប់សត្វឆ្កែយកទៅធ្វើម្ហូប។ តាមប្រពៃណីកូរ៉េខាងត្បូង ក្នុងរយៈពេល៣ថ្ងៃនេះគឺជាពេលវេលាក្តៅបំផុតនៅកូរ៉េខាងត្បូង ដូច្នេះមនុស្សជាច្រើន យល់ឃើញថា ការបរិភោគសាច់ឆ្កែ ឬ ហូបស៊ុបមាន់ អាចជួយប៉ូវកម្លាំង ដើម្បីឆ្លងផុតរដូវក្តៅនេះ។
ក្រុមសកម្មជនសង្គមបានពាក់របាំងមុខរូបឆ្កែ ហើយបានកាន់បដាអំពាវនាវឲ្យមនុស្សគ្រប់រូបឈប់បរិភោគសាច់ឆ្កែ។ នៅទីក្រុងសេអ៊ូលក្រុមបាតុករបានលើកស្លាកបដាថា «គ្មានសត្វឆ្កែណាមួយនៅលើពិភពលោកសម្រាប់ធ្វើជាអាហារនោះឡើយ»។
ជាមួយគ្នានេះក្រុមបាតុករមួយក្រុមបានរៀបចំពិធីបុណ្យខ្មោចសម្រាប់សត្វឆ្កែ ដោយមានទាំងសុំផ្កានិងរូបឆ្កែផងដែរ ។
ការបរិភោគសាច់ឆ្កែមិនត្រូវបានហាមប្រាមនៅកូរ៉េខាងត្បូងនោះឡើយ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងដែលនិយមបរិភោគសាច់ឆ្កែបានថយចុះយ៉ាងខ្លាំង ពិសេសគឺក្រុមយុវវ័យបានចាត់ទុកថា សាច់ឆ្កែមិនមែនជាមុខម្ហូបពិសេសនោះឡើយ៕ដោយ៖ធី រីណា