ព័ត៌មានទាន់ហេតុការណ៍៖

ការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព នឹងត្រូវសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗខាងមុខនេះ!

ចែករំលែក៖

ភ្នំពេញ៖ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព នឹងត្រូវសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗខាងមុខនេះ!

សេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ត្រូវបានលើកយកមកពិភាក្សាកម្រិតឧត្តមមន្ត្រីនៃក្រសួងពាក់ព័ន្ធ នៅទីស្តីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ាង ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាតំណាងក្រសួងសង្គមកិច្ច លោក សុខុម វិរៈផល តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

ប្រកាសអន្តរក្រសួងនេះមានគោលបំណងលើកកម្ពស់សិទ្ធិជនមានពិការភាពដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រកាសនេះមានគោលដៅកំណត់លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ដែលអនុញ្ញាតឱ្យបើកបរ ប្រភេទយានយន្តសម្រាប់ជនមានពិការភាពបើកបរបាន និងផ្នែកនៃយានយន្តដែលត្រូវកែច្នៃ៕

ដោយ៖សិលា


ចែករំលែក៖