ព័ត៌មានទាន់ហេតុការណ៍៖

រូបភាព​ថតបានជិតព្រះអាទិត្យបំផុត ជាលើកដំបូង​(មានវីដេអូ​)

ចែករំលែក៖

បរទេស៖ រូបភាពស្តីពីព្រះអាទិត្យ​ដែលថតបានដោយយានអវកាស Solar Orbiter ថតពីទីតាំង​គន្លងគោចររបស់ភពព្រះសុក្រ និងភព ​Mercury បង្ហាញពីការឆាបឆេះ​តូចៗ។
តាមសារព័ត៌មាន​Guardian ភ្លើងឆាបឆេះនោះគឺជាប្រភេទតូចៗនៃកាំរស្មីព្រះអាទិត្យដែលជាបាតុភូតមួយ អាចត្រូវបានគេសង្កេតឃើញជាមួយនឹងកែវពង្រីកពីផែនដី។ រូបភាពនេះត្រូវបានបញ្ជូនចេញពីយានអវកាស Solar Orbiter ក្នុងពេលបំពេញបេសកកម្មស្រាវជ្រាវ ដោយអង្គការអវកាសណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) សហការគ្នា។
ទាំងនោះជារូបភាពដែលថតចេញពីទីតាំងនៅជិតព្រះអាទិត្យបំផុតមិនធ្លាប់មានពីមុនមក​។ បេសកកម្មរបស់យានអវកាសSolar Orbiter អាចជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រ​ បកស្រាយបានថា ហេតុអ្វីបានជា​ លំហអាកាសរបស់ផ្កាយក្តៅជាងសីតុណ្ហភាពនៅលើផ្ទៃរបស់វា ដែលជាភាពប្លែកនៅក្នុងវិទ្យាសាស្ត្ររូបវិទ្យាប្រព័ន្ធព្រះអាទិត្យ។
រូបភាពថ្មីបំផុតស្តីពី​ផ្ទៃពិភពផ្កាយស្ថិតនៅចម្លោះកណ្តាលនៃប្រព័ន្ធព្រះអាទិត្យមានចម្ងាយ​៧៧ លានគីឡូម៉ែត្រ​​ ចន្លោះផ្កាយព្រះសុក្រ និងផ្កាយ​Mercury។ រូបភាពដែលថតបានបង្ហាញឲ្យឃើញថា ចំណុចភ្លើងភ្លឹបភ្លែត​​តូចនោះ គឺមានទំហំដល់ទៅរាប់រយគីឡូម៉ែត្រ​ ហើយភ្លើងភ្លឹបភ្លែតនោះអូសបន្លាយតែប៉ុន្មាននាទីប៉ុណ្ណោះក៏បាត់ទៅវិញ ។
យានអវកាសSolar Orbiter ត្រូវចំណាយប្រាក់ដល់ទៅ​១,៣ពាន់លានដុល្លារដើម្បីផលិតយាននេះ ហើយបានបាញ់បង្ហោះឡើងទៅកាន់​ទីអវកាសនៅខែកុម្ភៈឆ្នាំ​២០២០ ​ ក្នុងគោលដៅ​ថតរូបភាព ព្រះអាទិត្យ ពីទិសខាងជើងនិងខាងត្បូង នៃព្រះអាទិត្យ​៕ដោយ៖ធី រីណា


ចែករំលែក៖