ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនដឹកជ្រូកពីថៃបន្តឆ្លងដែនទៅវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិរាប់រយក្បាលមានជ្រូកខ្លះឈឺនិងងាប់ត្រូវក្រុមឈ្មួញពន្លះសាច់ចែកចាយតាមផ្សារលក់ទៅឲ្យពលរដ្ឋស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានក្រុមហ៊ុនដឹកជ្រូកពីប្រទេសថៃឆ្លងកាត់តាមខេត្តស្វាយរៀងរួចដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិក្នុង១ថ្ងៃរាប់រយក្បាលនិងមានជ្រូកខ្លះឈឺអន់និងងាប់ខាងវៀតណាមមិនទទួលឲ្យយកចូលទៅប្រទេសវៀតណាមគឺត្រូវក្រុមឈ្មួញលក់ឲ្យឡដ៍សត្តឃាត ប្រលះសាច់លក់ចែកចាយតាមផ្សារលក់បន្តទៅឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ទាក់ទិនករណីនេះលោកយស់ ស៊ីម អាយុ៥៥ឆ្នាំ ជាម្ចាស់ចំណតផ្ទេរជ្រូកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប្រឡាយទាហាន ស្ថិតនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៍ខេត្តស្វាយរៀងបានឲ្យដឹងថា ជ្រូករបស់ក្រុមហ៊ុនលោកឧកញ៉ា ជឹមសុខ គឺមានច្បាប់អនុញ្ញាតិដឹកជ្រូករស់ពីប្រទេសថៃចូលមកកម្ពុជាដឹកឆ្លងកាត់ឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែក្រុមហ៊ុនបានដឹកជ្រូកមកចូលចំណតដើម្បីពិនិត្យសុខភាពរួចផ្ទេរថយន្តដឹកបន្តទៅប្រទេសវៀតណាម។

ហើយពេលមានជ្រូកអន់សុខភាពខ្សោយនិងងាប់ខាងវៀតណាមមិនទទួលយកនិងមិនឲ្យដឹកចូលទៅប្រទេសវៀតណាមទេ ដូចនេះជ្រូកអន់និងងាប់ដែលវៀតណាមមិនយកគឺក្រុមហ៊ុនលោកឧកញ៉ា ជឹមសុខ បានលក់ទៅអោយឡដ៍សត្តឃាតស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមឈ្មោះស៊ីម វ៉ា ភេទប្រុស អាយុ៣៧ឆ្នាំម្ចាស់ឡដ៍សត្តឃាតស្រុកស្វាយទាបបានឲ្យដឹងថា ពិតជាមានក្រុមអាជីវករដឹកជ្រូករស់ជ្រូកងាប់មកចូលឡដ៍សត្តឃាតមែន ក៏ប៉ុន្តែមិនដឹងគេដឹកមកពីណាទេ គឺលោកម្ចាស់ឡដ៏ គ្រាន់តែមានទីតាំងឲ្យអាជីវករគេយកជ្រូកមកកាប់យកតម្លៃជ្រូក១ក្បាល៨,០០០រៀល គោ១ក្បាល១៥,០០០រៀលប៉ុណ្ណោះ គាត់គ្មានសិទ្ធិសួរនាំ ដេញគេមិនឲ្យយកជ្រូកងាប់ចូលមកកាប់សាច់នោះទេ ហើយម្ចាស់ជ្រូក គេយកមកចូលឡដ៏ គេមានកម្មកររបស់គេ ធ្វើហើយគេដឹកយកទៅវិញ គាត់យកតែថ្លៃឈ្នួលឡដ៏ចំពោះការពិនិត្យសុខភាពសត្វគឺពេទ្យសត្វស្រុកស្វាយទាបអ្នកចុះមកពិនិត្យ។

ហើយឡដ៏សត្តឃាតស្រុកស្វាយទាបកាប់សាច់ជ្រូកក្នុង១ថ្ងៃ១០ក្បាលទៅ១៥ក្បាល ចំណែកកម្មករពិឃាត្តសត្វជ្រូកបានឲ្យដឹងថា គឺមានជ្រូករស់ ជ្រូកងាប់ គេយកឲ្យធ្វើ ចាក់ករ និងកោស សម្អាតគ្រឿងក្នុង ក្នុង១ក្បាល២ម៉ឺនរៀល។

លោកប៉ែនចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបានមានប្រសាសន៍ថា ក្រុមហ៊ុនគេមានអាជ្ញាបណ្ណដឹកជ្រូកថៃឆ្លងកាត់ប្រទេសកម្ពុជាទៅប្រទេសវៀតណាម មានលិខិតបញ្ជាក់ពិនិត្យសុខភាពសត្វពីមន្ត្រីជំនាញពេទ្យសត្វថៃនិងមន្ត្រីជំនាញកម្ពុជា ហើយពេលដឹកជ្រូកមកដល់ចំណតព្រៃវល្ល៍ យើងមានមន្ត្រីចុះទៅពិនិត្យកាត់ស្តុក។

ចំពោះជ្រូកអន់និងជ្រូកងាប់ខាងវៀតណាមគេមិនទទួលឲ្យដឹកចូលប្រទេសវៀតណាមទេហើយបើដឹកត្រឡប់ទៅប្រទេសថៃវិញក៏មិនអាចដែរ ទើបក្រុមហ៊ុនសម្រេចលក់ឲ្យឡដ៏សត្តឃាតស្រុកស្វាយទាប កាប់សាច់ចែកចាយលើទីផ្សារប្រសូត។

ហើយជ្រូកដែលអន់សុខភាពខ្សោយនេះពុំមានជម្ងឺទេគឺដឹកផ្លូវឆ្ងាយក្តៅ ទើបអន់ ហើយជ្រូកងាប់៥ក្បាល១០ក្បាលតែងតែមានគឺងាប់ដោយដឹកឆ្ងាយ ចង្អៀតក្នុងរថយន្តមួយគ្រឿងដឹក៣០០ក្បាល ទើបមានងាប់ គឺមិនមែនងាប់ដោយមានជម្ងឺទេ ទើបមន្ត្រីយើងអនុញ្ញាតិឲ្យកាប់សាច់លក់បានបើសាច់ស្អុយហើមខូចក៏មិនអនុញ្ញាតិឲ្យកាប់សាច់លក់ដែរ។

ទាក់ទិនករណីខាងលើនេះដែរអ្នកសារព័ត៌មានយើងមិនអាចរកសុំការបំភ្លឺពីលោកឧកញ៉ាជឹមសុខបានទេ ព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងនារសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០នេះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖