ព័ត៌មានទាន់ហេតុការណ៍៖

កន្លែង​កម្សាន្ត​មួយ ក្នុងក្រុងសៀមរាបត្រូវបានអាជ្ញាធរ ផ្អាកព្រោះគ្មានច្បាប់អាជីវកម្មត្រឹមត្រូវ អំឡុងពេល​កូ​វីដ​-១៩

ចែករំលែក៖

​ខេត្តសៀមរាប៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាបបានចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចររាជរដ្ឋាភិបាលអំឡុងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តសៀមរាប រដ្ឋបាល​ក្រុង និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២០។

​មណ្ឌល​កម្សាន្ត​ឈ្មោះថា X Bar ដែលមាន​ម្ចាស់​ជា​ជនបរទេស ត្រូវបាន​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​មន្ត្រីមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ចុះ​ផ្អាក​សកម្មភាព និង​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម ត្រូវគោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវ​រង់ចាំ​ការណែនាំ​ជាថ្មី​របស់រាជរដ្ឋាភិបាលមុន​បើក​អាជីវកម្ម​របស់ខ្លួន​។

​ទាក់ទង​នឹង​ករណីនេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប លោក លី សំរិទ្ធ បានប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរ​ស័ព្ទ​នា​រសៀល​ថ្ងៃទី​១៩ កក្កដា​ថា ករណី​ខាងលើ​មិនមាន​ច្រើន​ទេ ហើយ​រដ្ឋបាលខេត្ត​បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ដោយ​មិន​ធ្វេសប្រហែស​ឡើយ ធ្វើយ៉ាងណា​ទប់ស្កាត់​មិនឱ្យ​មានការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំៗ ឬ​ការលួចបើក​កន្លែង​កម្សាន្ត​ឡើយ​។ អ្នកនាំពាក្យ​បន្ថែមថា កន្លងមក​មន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះ​ឱ្យ​ដំបូន្មាន​ច្រើន​ដល់​អាជ្ញាធរខេត្ត​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​សង្ឃឹមថា នឹងមិនមាន​ករណី​ឆ្លង​នូវរលក​ទី​១ ទី​២ និង​ទី​៣​ឡើយ​សម្រាប់​ខេត្តសៀមរាប​៕ស សម


ចែករំលែក៖