អប្តរជាតិ៖ មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam បានបញ្ជាក់ថា ក្រុមអ្នកជំនាញនឹងបង្កើនការធ្វើតេស្តដល់ពលរដ្ឋ ពិសេសគឺបុគ្គលិក បម្រើការនៅទីតាំងរបស់រដ្ឋ។ សកម្មភាពខាងលើ របស់ថ្នាក់ដឹកនាំកោះហុងកុងក្រោយពេលមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មាននៅលើកោះនេះ។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៩ខេកក្កដា មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បានបញ្ជាក់ថា រកឃើញករណីឆ្លងកូវីដ-១៩ ថ្មីដល់ទៅ ជាង១០០នាក់។ ការឆ្លងរាលដាលកើនឡើងនឹងជំរុញឲ្យហុងកុង ត្រូវតែអនុវត្ត ច្បាប់គម្លាតសង្គមជាថ្មី។ លោកស្រីCarrie Lam បានចាត់ទុកស្ថានភាពនាពេលនេះ គឺពិតជាគ្រោះថ្នាក់ ហើយ មិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។
បុគ្គលិក មន្ត្រីរដ្ឋាភិបាល ដែលមិនមានការចាំបាច់ត្រូវទៅការិយាល័យ គឺត្រូវបង្ខំឲ្យធ្វើការពីផ្ទះវិញ ។ ជាមួយគ្នានេះមេដឹកនាំកោះហុងកុងជំរុញឲ្យធ្វើតេស្តស្វែងរកកូវីដ-១៩ឲ្យបាន១ម៉ឺននាក់ក្នុងមួយថ្ងៃ។ ពលរដ្ឋត្រូវតែពាក់ម៉ាស់ទាំងអស់នៅទីសាធារណៈ ។
តាមការលើកឡើងរបស់មន្ត្រីសុខាភិបាល ហុងកុងបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មី១០៨នាក់ ក្នុងនោះមានដល់ទៅ ៨៣នាក់ឆ្លងនៅក្នុងសហគមន៍ និង២៥នាក់ឆ្លងពីក្រៅប្រទេស។ ការឆ្លងរាលដាលកើនឡើងខ្ពស់ ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកោះហុងកុងបាន អនុញ្ញាតឲ្យបើកទ្វារដំណើរការទីតាំងកម្សាន្តនានា។ ការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានអ្នកឆ្លងថ្មីជាង ៥០០នាក់ក្នុងរយៈពេល១សប្តាហ៍៕
ដោយ៖ធី រីណា