ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុង៖ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២៤ ម៉ោង

ចែករំលែក៖

អប្តរជាតិ៖ មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam ​បានបញ្ជាក់ថា ក្រុមអ្នកជំនាញនឹងបង្កើនការធ្វើតេស្តដល់ពលរដ្ឋ ពិសេសគឺបុគ្គលិក បម្រើការនៅទីតាំងរបស់រដ្ឋ​។ សកម្មភាពខាងលើ របស់ថ្នាក់ដឹកនាំកោះហុងកុងក្រោយពេល​​មានចំនួនអ្នកឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់​មិនធ្លាប់មាននៅលើកោះនេះ។

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី​១៩​ខេកក្កដា មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam ​ បានបញ្ជាក់ថា​ រកឃើញករណីឆ្លងកូវីដ​-១៩ ថ្មីដល់ទៅ ជាង​១០០នាក់​។ ការឆ្លងរាលដាលកើនឡើងនឹងជំរុញឲ្យហុងកុង​ ត្រូវតែអនុវត្ត ច្បាប់គម្លាតសង្គមជាថ្មី។ លោកស្រីCarrie Lam ​ បានចាត់ទុកស្ថានភាពនាពេលនេះ គឺពិតជាគ្រោះថ្នាក់ ហើយ មិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។
បុគ្គលិក មន្ត្រីរដ្ឋាភិបាល ដែលមិនមានការចាំបាច់ត្រូវទៅការិយាល័យ គឺត្រូវបង្ខំឲ្យធ្វើការពីផ្ទះវិញ ។ ជាមួយគ្នានេះមេដឹកនាំកោះហុងកុងជំរុញឲ្យធ្វើតេស្តស្វែងរកកូវីដ-​១៩​ឲ្យបាន​១ម៉ឺននាក់ក្នុងមួយថ្ងៃ។ ពលរដ្ឋត្រូវតែពាក់ម៉ាស់ទាំងអស់នៅទីសាធារណៈ ។
តាមការលើកឡើងរបស់មន្ត្រីសុខាភិបាល ហុងកុងបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មី​១០៨នាក់ ក្នុងនោះមានដល់ទៅ ៨៣នាក់ឆ្លងនៅក្នុងសហគមន៍ និង​២៥នាក់​ឆ្លងពីក្រៅប្រទេស​។ ការឆ្លងរាលដាលកើនឡើងខ្ពស់ ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកោះហុងកុងបាន អនុញ្ញាតឲ្យបើកទ្វារដំណើរការទីតាំងកម្សាន្តនានា។ ការឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានអ្នកឆ្លងថ្មីជាង ៥០០នាក់ក្នុងរយៈពេល​១សប្តាហ៍៕

 

ដោយ៖ធី រីណា


ចែករំលែក៖