ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់​ របួសធ្ងន់២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយ៉ូតាព្រូស​ បុកជាមួយរថយន្តកុងតឺន័រនៅផ្លូវជាតិលេខ៤

ចែករំលែក៖

    ភ្នំពេញ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយរថយន្តតូយ៉ូតាព្រូស​ បានបុកជាមួយរថយន្តកុងតឺន័រ​ចំពីមុខពេញទំហឹង​ បណ្ដាលឲ្យបុរសជនជាតិចិន២នាក់ស្លាប់យ៉ាងអាណោចអាធ័មនិងប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង១១​ និង២០នាទីយប់​ ថ្ងៃទី១៩​ ខែកក្ដដា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ជិតតំបន់សេដ្ឋកិច្ចពិសេស​ ក្នុងសង្កាត់កំបូល​ ខណ្ឌកំបូល​ ។ 

    សពជនជាតិចិនទាំង២នាក់ខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។ 

    បេីយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុស៣នាក់​ រួមទាំងស្ត្រីខ្មែរម្នាក់​ ជិះរថយន្តម៉ាកតូយ៉ូតា​ ព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AR -3975 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤​ ក្នងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ និងបានបើកជែងមកខាងគន្លងផ្លូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនមួយ​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A -2928 ដែលកំពុងធ្វើដំណើរពីកើតទៅលិចបញ្ច្រាសទិសគ្នា​ ចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំតែម្ដង​ និងធ្វេីឲ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តព្រូសនិងម្នាក់ទៀតខ្ទាតចេញពីក្នុងរថយន្តបែកក្បាលស្លាប់ក្នុងថ្លុកឈាមចំនួន២នាក់​ ។ ចំណែកបុរសជនជាតិចិនម្នាក់​ និងស្ត្រីខ្មែរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ ។ 

    ក្រោយកើតហេតុ​ តៃកុងរថយន្តកុងតឺន័របានចុះគេចខ្លួនបាត់​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ហេីយសហការជាមួយកម្លាំងជំនាញធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមច្បាប់​ ។ ដោយឡែកសពជនជាតិចិនទាំងពីរនាក់ត្រូវរថយន្តសាមុយដឹកយកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ​ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ ភារ៉ា​ ដង្កោ

IMG_8211 IMG_8212 IMG_8215 IMG_8216


ចែករំលែក៖