ខេត្តកំពង់ធំ៖ កម្លាំងការិយាល័យនគរបាលប្រឆាំង បទបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានបានបង្ក្រាបបទល្មើសព្រៃឈើមួយករណី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយរឹបអូសឈើជាច្រើនម៉ែត្រគូបបន្ទាប់ពីឈ្មួញឈើ បានដឹកយកមកលាក់ទុក ក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសព្រៃឈើ របស់ខ័ណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានបានដកហូតឈើជាច្រើនគំនរនៅ ក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេខេត្តកំពង់ធំដែលឈ្មួញដឹកយកមកលាក់ទុក។ ឈើចំនួន៧៦កំណាត់ ស្មើ៦,០៨០ ម៉ែត្រគូប ជាប្រភេទឈើ សុក្រំ និងឈើឈ្លីច ត្រូវបានសមត្ថកិច្ចរឹបអូស។
ប្រភពព័ត៌មានដដែល បានបន្តឲ្យដឹងថា វត្ថុតាងឈើទាំង៧៦កំណាត់ដែលរឹបអូសទុកជាភស្តុតាងនេះត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំចាត់ការបន្តទៅតាមច្បាប់៕ដោយ៖ ប្រាថ្នា