ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅភូមិចំនួន​២​ក្នុងសង្កាត់​ប៉ោយ​ប៉ែ​តភ្ញាក់ផ្អើល​ដោយមានក្មេង​និងចាស់​មានជម្ងឺរាតត្បាត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ពលរដ្ឋប្រមាណជាង៥០នាក់នៅភូមិចំនួន២គឺភូមិក្បាលកោះនិងភូមិប៉ោយប៉ែតធ្លាក់ខ្លួន​ឈឺ​និង​ឡើងក​ម្តៅ​ខុសធម្មតា​បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នេះ។ អ្នក​ភូមិ​​ទាំង​២​ខាងលើ ​គឺ​ភូមិ​ក្បាលកោះ ​និង​ភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​-ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

បញ្ហាខាងលើនេះលោកកែវ មឿតអនុភូមិក្បាលកោះប្រាប់តាមទូរស័ព្ទថា ​៖ចំពោះជម្ងឺរាតត្បាតមកលើពលរដ្ឋក្នុងភូមិរបស់គាត់នោះលោកទទួលបានព័ត៌មានចាប់ពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០មក ចំពោះជម្ងឺបានកើតទៅលើពលរដ្ឋគាត់គ្រប់វ័យចាប់ពីក្មេងតូចរហូតដល់មនុស្សចាស់សរុប៣៣នាក់ ដោយមានអាការៈទន់ដៃទន់ជើង​ បន្ទាប់​មក​ក្តៅ​សន្ធំ​ ហើយ​ឡើង​កន្ទួល​លើ​ដងខ្លួន​ ឬ​សាច់​មាន​ព​ណ៌​ក្រហម​ ហើយ​ពេល​ទៅ​គ្លីនិក​ឈ្នួល​ពិនិត្យ​កំ​ដៅ​ខ្លះ​ឡើង​ដល់​៣៨,៣៩​ឬ​៤០​អង្សា​សេ​។រហូតមកដល់ថ្ងៃទី២០ខែឆ្នាំដដែលនេះអាជ្ញាខេត្តក្រុងមន្ត្រីពេទ្យបានចុះពិនិត្យដល់កន្លែងកើតហេតុនិងយករថយន្តដឹកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកចំនួន១០នាក់នៅសេសសល់ពលរដ្ឋក្នុងភូមិត្រូវបានអាជ្ញាធរនិងគ្រូពេទ្យកំពុងតាមដានសភាពជម្ងឺ។

 ដោយឡែកលោកស្រីស៊ិន ណាំយ៉ុងមេភូមិប៉ោយប៉ែតបញ្ជាក់ថាពលរដ្ឋក្នុងភូមិរបស់គាត់មានអាការៈស្រដៀងនិងពលរដ្ឋភូមិក្បាលកោះដែរ មានពលរដ្ឋចំនួន១៩នាក់ហើយដែលកំពុងតែកើតជម្ងឺខាងលើតែក្រុមការងារក្រុងប៉ោយប៉ែតនិងគ្រូពេទ្យកំពុងតាមដាន។

 លោកវេជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា បញ្ហាដែលពលរដ្ឋភ្ញាក់ផ្អើលនេះមន្ទីរបានទទួលដំណឹងនៅល្ងាចថ្ងៃទី១៩ខែកក្កដាហើយបានចាត់ចែងមន្ត្រីជំនាញនៅជិតបំផុតអោយចុះបន្ទាន់ដល់ភូមិកំពុងកើតហេតុនោះ។ជាក់ស្តែងមន្ត្រីជំនាញប្រមូលបានតែ៧នាក់ប៉ុណ្ណោះដែលមានអាការៈក្តៅលើសពី៣៨អង្សារ មានកន្ទួលរមាស់ ស្នាមក្រហម ជាដើម។ ហើយនៅរសៀលថ្ងៃនេះលោកបានអមដំណើរជាមួយអភិបាលខេត្តចុះផ្ទាល់ទៅពិនិត្យមើល ដោយក្នុងនោះលោកសន្និដ្ឋានបឋមថាពួកគាត់អាចកើតមានជម្ងឺនេះគឺបណ្តាលមកពីមជ្ឈដ្ឋានរស់នៅ កន្លែងរស់នៅមិនមានបរិស្ថានល្អ ទឹកស្អុយព័ទ្ធជុំវិញ គេងមិនបានចងមុងត្រឹមត្រូវ  ការហូបចុកមិនមានអនាម័យ។តែទោះជាយ៉ាងណា ក្រុមការងារលោកនៅតែបន្តរុករកអោយឃើញដោយបូមឈាមពួកគាត់មកពិសោធន៍វិភាគហើយនឹងឆ្លើយតបវិញថា ពួកគាត់មានជម្ងឺអ្វីកើតឡើង៕ដោយ៖វណ្ណា


ចែករំលែក៖