ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក៖ គ្មានការបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូងនោះឡើយ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយដោយដកស្រង់សម្តី លោក ម៉ាក អ៉ីស្ពើ (Mark Esper) ប្រមុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារទី២១ ខែកក្កដា (ក្នុងពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)ថា៖ លោកមិនបានចេញបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ ។ ប៉ុន្តែមន្ទីរបញ្ចកោណអាចនឹងធ្វើការដោះដូរនានា នៅពេលទទួលបានបទបញ្ជា។

ឆ្លើយតបទៅនឹងការលេចលឺព័ត៌មាន ចេញពីប្រទេសកូរ៉េខាងត្បូងថា៖ លោក ម៉ាក អ៉ីស្ពើ បានបញ្ជាឲ្យដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសសម្ព័ន្ធមិត្តអាស៊ីបូពា៍មួយនេះ ។ ប៉ុន្តែលោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា «ខ្ញុំមិនបានចេញបញ្ជាអ្វីសោះឡើយ ដើម្បីឲ្យដកកងទ័ពចេញពីឧបទ្វីបកូរ៉េនោះ ហើយយើងនឹងបន្តពិនិត្យមើលចំពោះ ការកែសម្រួលទៅលើគ្រប់ទីបញ្ជាការដើម្បីឲ្យប្រាកដច្បាស់ថា យើងអាចគ្រប់គ្រងកងកម្លាំងរបស់យើងបាន»។

ដោយឡែកក្រោយមានការលេចលឺព័ត៌មានខាងលើនេះដែរ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតមានឡើងក្រោយពីរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងគិតពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងទឹកដីកូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងត្បូងហាក់នៅតែស្ទាក់ស្ទើរ មិនព្រមបង់ថ្លៃចំណាយបន្ថែមទៀត ទៅតាមការចង់បានរបស់អាមេរិក ដើម្បីជួយទ្រទ្រង់វត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ខ្លួននោះ។ 

សូមជម្រាបថា បច្ចុប្បន្ននេះកងទ័ពអាមេរិកសរុបចំនួន ២៨,៥០០នាក់ កំពុងមានវត្តមាននៅកូរ៉េខាងត្បូង ៕ដោយ៖ស តារា


ចែករំលែក៖