ភ្នំពេញ៖ កាលពីថ្ងៃអង្គារទី២១ ខែកក្កដាថ្មីៗនេះ មានកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការដឹកនាំចិន – វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ ។ នេះបើយោងតាមទីភ្នាក់ងារAKP ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។
ក្នុងកិច្ចប្រជុំនោះលោក Wang រដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ–១៩មក ប្រទេសចិន នឹងវៀតណាម បានបំពេញតួនាទីយ៉ាងពេញលេញទៅតាមគុណសម្បត្តិរបស់ស្ថាប័នរៀងៗខ្លួន ហើយបានគ្រប់គ្រងការរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្រ្តីក្រសួងការបរទេសចិន បន្ថែមថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង ១៨ភាគរយបើប្រៀបធៀបទៅនឹងនិន្នាការនៅឆមាសទីមួយនៃឆ្នាំនេះ ដែលជាការបង្ហាញអំពីទំហំធំ និងគុណសម្បត្តិបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ដោយឡែកសម្រាប់ភាគីវៀតណាមវិញ លោក Pham ក៏បានឲ្យដឹងដែរថាជាវិជ្ជមានអំពីការវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នឹងបានបង្ហាញនូវទំនុកចិត្តទៅលើទស្សនវិស័យអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងវៀតណាម – ចិន។
គួរបញ្ជាក់ថា បច្ចុប្បន្នភាគីទាំងពីរ បានឯកភាពគ្នាប្រារព្ធពិធីខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត ដែលជាឱកាសមួយដើម្បីបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជាវិធានការប្រឆាំងនឹងជំងឺរាតត្បាតជាដើម៕ដោយ៖សតារា