ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវ។ សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោ ហើយរៀបចំឡើងដោយតាមផែនការជាក់លាក់។
ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ជាងដាំខាងក្រៅ ព្រោះវាអាចការពារសត្វល្អិត ឬមេរោគស៊ីដំណាំអត់បាន ។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិកប្រមាណជាង១០០គ្រួសារ និងមានរោងដាំជាង៤០រោង ហើយសហគមន៍ មានគម្រោងពង្រីករោងបន្ថែមទៀត នៅលើផ្ទៃដីសរុប៤០ហិកតា ដើម្បីបំពេញតំរូវការទីផ្សារដែលចេះតែកើនឡើង។
បច្ចុប្បន្ននេះសហគមន៍ បាននិងកំពុងដាំដុះដំណាំបន្លែ ជាច្រើនមុខ ហើយដំណាំបន្លែដែលនាំចេញច្រើនជាងគេ គឺជីរណា ក្នុងមួយថ្ងៃនាំចេញទៅលក់នៅទីផ្សារខាងក្រៅបានចន្លោះ ២ទៅ៣ តោនក្នុងមួយថ្ងៃ គិតជាចំណូលទឹកប្រាក់ចន្លោះពី៤.០០០.០០០ រៀលទៅ៦.០០០.០០០រៀល៕ដោយ៖ស សម