ព័ត៌មានទាន់ហេតុការណ៍៖

មិនខ្វល់រឿងកូវីដ-១៩ និងជិតគ្រប់ខែម៉ាក សែន សូនីតា គ្រោងបើកជំនួញធំមួយ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងបង្កើតជាក្តីព្រួយបារម្ភសម្រាប់អ្នកជំនួញជាច្រើននោះស្រាប់តែ តារាសម្តែងស្រីល្បីឈ្មោះម៉ាក សែន សូនីតា ហៅតូតា គ្រោងបង្កើតមុខជំនួញថ្មីមួយបន្ថែមទៀត។ ជំនួញថ្មីនេះក៏ស្របពេលដែលនាងបានពរពោះកូនដំបូងផងដែរ។
​ក្រោយរៀបការរួចតូតា និងស្វាមីនៅតែដុតដៃដុតជើងលើមុខរបររកស៊ីគ្រប់ផ្នែក។ ទោះមានផ្ទៃពោះប្រមាណ៥ខែមកហើយក្តីក៏តូតានៅបន្តការងារមុខជំនួញតាមអនឡាញដដែលពិសេសការលក់ផលិតផលថែរក្សាសម្រស់។ បន្ថែមអាជីពពីលើការងារទាំងនោះនាងគ្រោងបង្កើតហាងលក់ដូរគ្រឿងអលង្ការថ្មីមួយមានស្លាកយីហោឈ្មោះថា «អលង្ការ តូតា»។ ការបើកបង្ហាញជំនួញរបស់តារាស្រីល្បីឈ្មោះរូបនេះបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មិត្តរួមអាជីព និងអ្នកគាំទ្ររបស់នាង។តាមរូបថតជាច្រើនសន្លឹកដែលបង្ហោះជាសាធារណៈលើគណនីអ៊ីនស្តាក្រាមរបស់នាង បង្ហាញឲ្យឃើញពីរូបរាងហាងគ្រឿងអលង្ការដ៏ទំនើបស៊ីវិល័យ ដោយគ្រាន់តែមើលតាមរូបក៏អាចប៉ាន់ស្មានថា ជំនួញថ្មីនេះចំណាយទុនជាទឹកប្រាក់ច្រើនមិនធម្មតានោះទេ។មុខរបរថ្មីនេះត្រូវបានអ្នកសិល្បៈកោតសរសើរខ្លាំងព្រោះតែវាស្ថិតក្នុងអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
​តូតាថានេះគឺជាក្តីបំណងរបស់នាងជាយូរមកហើយពោលគឺចាប់តាំងពីកុមារភាពមក ហើយពេលនេះបានក្លាយជាការពិតហើយ ហើយនាងស្នើឲ្យអ្នកគាំទ្រ និងអ្នកសិល្បៈជួយគាំទ្រមុខជំនួញថ្មីនេះដែលនឹងបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។ ហាងគ្រឿងអលង្ការថ្មីរបស់នាងនឹងបើកដំណើរការដោយមានទីតាំងនៅជិតផ្សារសាំហាន់នាសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។
​ទោះជាយ៉ាងណាមុខរបរលក់គ្រឿងអលង្ការនេះតូតា ក៏មានបទពិសោធន៍ជាច្រើនឆ្នាំផងដែរព្រោះតែម្តាយរបស់នាងត្រូវបានគេស្គាល់ដែរថាជាអាជីវករលក់ដូរមាស និងគ្រឿងអលង្ការនៅផ្សារតាខ្មៅជាច្រើនឆ្នាំមកហើយដែរ៕ដោយ៖វឌ្ឍនា


ចែករំលែក៖