អន្តរជាតិ៖ នៅថ្ងៃទី២៩ ខែកក្កដានេះ គេហទំព័ររបស់អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា មូលនិធិកុមារអន្តរជាតិ(UNICEF) នឹងទទួលបានការលើកលែងទណ្ឌកម្មពេលផ្តល់ជំនួយដល់កូរ៉េខាងជើងក្នុងសង្គ្រាមប្រឆាំងជំងឺឆ្លង មាន គ្រុនចាញ់ របេង កូវីដ-១៩ ជាដើម។
ជាក់ស្តែង (UNICEF) នឹងផ្តល់ជំនួយទៅកាន់កូរ៉េខាងជើងនូវសម្ភារសុខាភិបាលដែលមានតម្លៃជិត៨សែនដុល្លារអាមេរិក។ ក្រៅពីនេះក៏បានបញ្ជូនម៉ាស៊ីនបង្កើតអ៊ុកស៊ីហ្សែន ម៉ាស៊ីនជំនួយដង្ហើម និងបរិក្ខារផ្សេងៗទៀតជាច្រើន។ ច្បាប់លើកលែងទណ្ឌកម្មនោះមានរយៈពេល១ឆ្នាំ គឺដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១ ទើបផុតកំណត់។
សកម្មភាពខាងលើរបស់ អង្គការសហប្រជាជាតិ ក្នុងគោលដៅជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្រោយកូរ៉េខាងជើងប្រកាស មានករណីសង្ស័យឆ្លងកូវីដ-១៩ ជាលើកដំបូង ។ ប៉ុន្តែ រាល់សកម្មភាពដឹកជំនួយទៅកាន់កូរ៉េខាងជើង គឺត្រូវតែសុំច្បាប់ពីអង្គការសហប្រជាជាតិជាមុនសិន។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងមក អង្គការសហប្រជាជាតិក៏បានប្រកាសលើកលែងទណ្ឌកម្មដល់ ការផ្តល់ជំនួយស្បៀងអាហារពីអង្គការក្រៅរដ្ឋាភិបាលនៅអាមេរិក ជួយដល់កូរ៉េខាងជើងផងដែរ ។ កម្មវិធីផ្តល់ជំនួយស្បៀងអាហារកើតឡើងក្រោយពេលកូរ៉េខាងជើងប្រឈមកង្វះស្បៀងអាហារយ៉ាងខ្លាំង ដោយសារតែដំណាំកសិកម្ម មិនអំណោយផល៕ដោយ៖ធី រីណា