ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់បុរសម្នាក់ស្លាប់នៅវាលស្រែពេលទៅមើលស្រូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ទៅមើលស្រូវត្រូវរន្ទះបាញ់បាត់បង់ជីវិតបង្ក ភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ នៅត្រង់ចំណុចលើភ្លឺស្រែខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ  ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុក ភ្នំស្រុក   

 នគរបាលស្រុភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ 

  នគរបាលដដែលបញ្ជាក់ថា៖តាមការបំភ្លឺពីក្រុមគ្រួសារ នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅមើលស្រូវនៅវាលស្រែ ខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ  ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ  ដោយនៅល្ងាចនោះមេឃធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់ផ្គររន្ទះ  ដោយល្ងាចហើយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសាច់ញ្ញាតិទូរស័ព្ទក៏មិនចូល គ្រានោះបងប្អូនមកតាមមើលនៅវាលស្រែ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែយ៉ាងអាណោចអាធ័ម ក៏មានការភ្ញាក់ផ្អើលឆោឡោដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចតែម្តង។ 

 នគរបាលបានបញ្ជាក់ថា៖ឆ្លងតាមការត្រួតពិនិត្យលើខ្លួនសព  ជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីឃាតកម្មនោះឡើយ។ក្រោយពី ពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖វណ្ណា

 


ចែករំលែក៖