ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែកក្កដាម្សិលមិញនេះថាកម្ពុជានាំចេញអង្ករសម្រេចបាន ៤២៦,០៧៣តោន កើនឡើងប្រមាណ ១១៨០៦០ តោន ស្មើនឹង ៣៨.៣៣% ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ , បើធៀបទៅនឹងរយៈពេល៧ខែដើមឆ្នាំ២០១៩ ដែលមានចំនួន ៣០៨,០១៣តោន។
លោក វេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ និងនៅទ្វិបដទៃទៀតចំនួន២៦ ប្រទេស ។ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
លោករដ្ឋមន្ត្រីបន្ថែមថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអឺរ៉ុបកើនចំនួន ៣៧.៧០%, ប្រទេសចិនកើនចំនួន២៥.៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤.០៣%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន ៧២.៤០% ។
ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ២០២០ ការនាំចេញអង្ករបាន ចំនួន២៨៤១៣ តោន កើនឡើងចំនួន ១៩៣៨ តោន ស្មើនឹង ៧.៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន៩២០៨តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨.៤១ តោន។
សូមជម្រាបផងដែរថា ចំពោះការនាំចេញស្រូវ នៅតាមច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១.១ លានតោនផងដែរ ៕
ដោយ៖ស តារា