ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន រំលឹកជាប់ជានិច្ច សូមឱ្យបងប្អូនថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។

សម្តេចមានប្រសាសន៍លើកឡើងថា៖ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។
សម្តេចតេជោ បញ្ជាក់ថាថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 17,396,943 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 675,060នាក់ និងចំនួនកើតឡើងថ្មីគឺ 289,321 ករណី។ កម្ពុជាយើងមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន 239 នាក់ អ្នកព្យាបាលបានជាសះស្បើយមានចំនួន164 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន 75 នាក់។

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្តេចបានរំលឹកដល់ជនរួមជាតិថា៖ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា៕ដោយ៖សិលា


ចែករំលែក៖