ភ្នំពេញ៖ក្រសួងធនធានទឹក និង ឧតុនិយម បង្ហាញអំពីការព្យាករណ៍ស្ថានភាពអាកាសធាតុ ដោយសង្កេតឃើញថា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានសម្ពាធទាបសកម្មមួយ កើតមាននៅសមុទ្រចិនខាងត្បូង ហើយវិវត្តន៍ទៅជាវិសម្ពាធទាប ឬ Tropical Depression ។
វិសម្ពាធទាបនេះ នឹងបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ឈ្មោះ សុីនឡាគូ ធ្វើដំណើរកាត់កោះហៃណាំ មុនឈានចូលភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ហើយឥទ្ធិពលរបស់ធ្វើអោយខ្យល់មូសុងនិរតីបង្កើនល្បឿនបោកបក់ខ្លាំងមកលើកម្ពុជា។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាទឹក និងឧតុនិយម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយេីបចេញផ្សាយនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ។
ស្ថានភាពបែបនេះ ក្រសួងធនធានទឹក បញ្ជាក់ថា នៅតាមតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ខណៈតំបន់ខ្លះទៀត ក៏មានភ្លៀងធ្លាក់ច្រើន អាចនឹងប្រឈមជំនន់ទឹកភ្លៀងដូចគ្នាផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម សូមអោយបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុផងដែរ៕


ដោយ៖ចេស្ដា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច