វៀតណាម៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរប្រទេសវៀតណាម បានប្រកាសថា មានករណីស្លាប់ចំនួន ២ករណីបន្ថែមទៀត ដោយសារ COVID-19 ដោយករណីស្លាប់នេះ សរុបឡើងដល់៥ករណី រីឯចំនួនអ្នកឆ្លងកើនឡើងដល់៥៩០ករណី ។
យោងតាមរាយការណ៍របស់អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ថា មានករណីស្លាប់ចំនួនពីរករណីបន្ថែមទៀត ហើយអ្នកស្លាប់ទាំងពីរនាក់នេះ គឺជាអ្នកជំងឺទី៥២៤ និង ទី៤៧៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសវៀតណាម ។
សូមជម្រាបថា អ្នកជំងឺទី៥២៤ គឺជាស្ត្រីវ័យ៨៦ឆ្នាំ ដែលរស់នៅខេត្ត Quang Nam មានជំងឺបេះដូង បញ្ហាតម្រង់នោម និងជំងឺផ្សេងៗទៀត។ ចំណែកអ្នកបាត់បង់ជីវិតមួយទៀត គឺជាស្ត្រីវ័យ៨៣ឆ្នាំ ដែលជាអ្នកជំងឺទី៤៧៥ និងរស់នៅក្នុងទីក្រុងដាណាង។ ដោយស្ត្រីរូបនេះ ក៏មានជំងឺប្រចាំកាយផងដែរ ដូចជាជំងឺឈឺសន្លាក់ និងការវះកាត់ក្រពះ មិនអាចដើរបានរយៈពេល ៦ឆ្នាំហើយ ហើយនៅថ្ងៃទី៣០ ខែកក្កដា ស្ត្រីរូបនេះត្រូវគេរកឃើញថា មានផ្ទុក COVID-19 និងបាត់បង់ជីវិត នៅថ្ងៃទី២ ខែសីហា។
គួរបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់នៅវៀតណាម កើនឡើងដល់ ៥នាក់ ខណៈករណីឆ្លងមានចំនួន ៥៩០ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួន៣៧៣នាក់៕ដោយ៖ស តារា