ព័ត៌មានទាន់ហេតុការណ៍៖

អានប្រវត្តិហើយមានអារម្មណ៍ស្តាយខ្លាំងណាស់ ព្រះវិហារវត្តចតុទិសដ៏ប្រណីតនៃសំណង់វិហារខ្មែរពីអតីតកាល

ចែករំលែក៖

ខេត្តកណ្តាល៖ ទីអារាមវត្តចតុទិសនេះបាន​កកើត​​ឡើង​តាំងពី​សម័យ​លង្វែក​មក​ម៉្លេះ។ ប៉ុន្តែ​អារាមនេះ​ ត្រូវ​បាន​រៀប​ចំ​កសាង​ឡើង​វិញ​ ក្នុង​រាជ្យព្រះបាទអង្គឌួង ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​សម្តេចព្រះវររាជិនី ប៉ែន នៅក្នុងរវាង ព.ស​២៣៩២ ត្រូវ​នឹង​គ.ស​១៨៤៨។ អារាមនេះ គឺជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណៈមហា​និកាយ ជា​គូ​នឹង​អារាម​វត្ត​វាំង​ចាស់​ ដែលជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជគណៈធម្មយុត្តិ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ឌួង។

 ​ព្រះវិហារដ៏ប្រណីតនេះ រងគ្រោះដោយការទម្លាក់គ្រាប់បែកនៅសម័យលន់ នល់ និងត្រូវបានពួកខ្មែរក្រហម​វាយ​កម្ទេច​ឱ្យរាប​ដល់​ដី​ កាល​ពី​ក្នុង​អំឡុង​ឆ្នាំ១៩៧៧ ។ នៅជ្រុងទាំងបួននៃព្រះវិហារចាស់ មាន​​ចេតិយធំៗ​ចំនួន​បួន​ ដែល​នៅ​បាត​ក្រោម​នៃ​ចេតិយបី ក្នុង​ចំណោម​ចេតិយទាំងបួន មាន​កប់បញ្ចុះ​​​​នូវ​​រតន​សម្បត្តិ​​​មាន​តម្លៃដ៏​​មហាសាល​របស់​ព្រះរាជា​ខ្មែរ។ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ក្រោយ​ពេល​ដែល​ពួក​ឈ្លប​ខ្មែរ​ក្រហម​វាយ​​​កម្ទេច​ព្រះវិហារ​ឱ្យរាប​ដល់​ដីទៅ ពួក​គេ​ក៏​វាយ​កម្ទេច​ចេតិយទាំង​បួន​​ទៀតដើម្បី​គាស់​​កកាយ ប្រមូល​យក​រតន​សម្បត្តិរបស់​អតីត​ព្រះរាជា​ខ្មែរ​ ដែល​តាម​ការ​រៀបរាប់​​រួម​មាន ដាវមាស, ស្បែកជើង​មាស,​ កងដៃ-​កងជើង​មាស​​ធំៗ​ (ជា​មាសផ្កាកប្បាស​ទឹក៦)​ ព្រម​ទាំង​គ្រឿង​អលង្ការ​ធ្វើ​ពីត្បូង​ថ្ម​មាន​តម្លៃដ៏​ច្រើន​សន្ធឹក​សន្ធាប់ មាន​ចំនួន ៤កញ្ឆេរ​ធំៗ ដែល​មួយ​កញ្ឆេរៗ ពួក​ឈ្លប​សែង​គ្នា​បួននាក់​ឡើង​ញ័រ​សក់​ក្បាល…។ ក្នុង​ពេល​ពួក​ឈ្លប​គាស់​កកាយ​​រតន​សម្បត្តិបាន​ហើយ គាត់​​បាន​ឃើញ​ពួកវា​​ហូត​​ដាវមាស​ចេញ​ពី​ស្រោមមក​គ្រវី​កាប់​គ្នា​លេង ព្រម​ទាំង​យក​ស្បែក​ជើង​មាស មាន​រាង​-ងៗ យក​មក​បោះចុះ​បោះ​ឡើង​លេង មុន​នឹង​ពួក​វា​សែង​យក​ចេញ​ពី​ទីនេះ…។រីឯ​នៅទីវាល​​ប៉ែក​ខាងត្បូង​ព្រះវិហារ ពួក​ខ្មែរ​ក្រហម​បាន​ប្រើស៊ីម៉ងត៍​ចាក់សាប​​ធ្វើ​ជា​ទីលាន​​បោក​ស្រូវ, បញ្ជាន់​ស្រូវ, និង​ហាល​ស្រូវ ដែល​ទីលាន​នេះ បាន​បន្សល់​ទុក​គ្រឹះ​ស៊ីម៉ងត៍​ រហូត​មកដល់​បច្ចុប្បន្ន។នេះបើតាមការរៀបរាប់របស់ប្រជាជនក្នុងតំបន់នេះ។

ក្រោយ​មកមានការកសាងព្រះវិហារវត្តចតុទិសសាជា​ថ្មី​ឡើង​វិញនៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០(តែពុំបានស្អាតដូចពីដើមទេដោយសារខ្វះជំនាញ និងគំរូដើម) មាន​​​រាស្រ្ត​ក្នុង​ភូមិ​​មួយ​គ្រួសារដែល​ជាប់​ខ្សែ​ស្រឡាយ​​រាជវង្ស​ពី​អតីត​កាល​បាន​សម្រេច​កសាង​ចេតិយមួយឡើងវិញ នៅ​ជ្រុង​ខាងលិច​ប៉ែក​ខាង​ជើង ដំណាល​គ្នា​នឹង​ការ​កសាង​ព្រះ​វិហារ​នេះដែរ។ បើ​ទោះ​ជា​មាន​ការ​ពន្យល់ហាមឃាត់មិនឱ្យកសាងចេតិយនេះជាថ្មីឡើងវិញនៅលើខឿនព្រះវិហារ​ក៏​ដោយ (អ្នកភូមិ​មាន​ជំនឿ​ថា បើមាន​ឋានៈ​ត្រឹម​រាស្រ្ត រួច​ចង់​​កសាង​ចេតិយនៅ​លើ​ខឿន​ព្រះ​វិហារនោះ​នឹង​នាំ​មក​នូវ​អពមង្គល​ដល់​ខ្លួន) ក៏អ្នក​ភូមិ​មួយ​គ្រួសារ​នោះនៅ​តែ​ជម្នះកសាង​ឱ្យទាល់​តែ​ហើយ​រួច​រាល់​ជា​ស្ថាពរ​ នូវចេតិយមួយដែលមានរូបរាង ទំហំ និង​កម្ពស់គឺ​ដូច​គ្នា​បេះ​បិទ​ទៅ​​នឹង​ចេតិយចាស់​ ​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ពួក​ឈ្លប​ខ្មែរក្រហម ៕

 ប្រភព៖ ទទក


ចែករំលែក៖