ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយបានការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោយផ្ទុះការប្រតិកម្មពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត ពាក់ព័ន្ធគណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡូត ដែលបានបង្ហោះខ្លឹមសារជេប្រមាថប៉ះពាល់កិត្តិយសស្រ្តីនៅខេត្តតាកែវ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់។
គួរបញ្ជាក់ជូនករណីនេះ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្រាវជ្រាវដោយជំនាញ កំណត់មុខសញ្ញាបានភ្លាមៗ ឈានដល់ការឃាត់ខ្លួនឈ្មោះ មាន សង្ហារ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រផលិតកាបូប នៅចោមចៅ រាជធានីភ្នំពេញ។
ចំពោះមូលហេតុនៃការបង្ហោះខ្លឹមសារបែបនេះ ដោយ សារឈ្មោះមាន សង្ហារ ខឹងប្រពន្ធរបស់ខ្លួនឈ្មោះ ស្រី ឡូត ដែលបានបំបែកបំបាក់នារីជាសង្សារក្រោយរបស់ខ្លួន ឈ្មោះ អឿន សៀវម៉ី ដែលរស់នៅខេត្តតាកែវ មុខ របរលក់អនឡាញ ក្នុងគោលបំណងទម្លាក់កំហុសឱ្យប្រពន្ធទទួលខុសត្រូវចំពោះមុខច្បាប់ និងខឹងសង្សារថ្មីឈ្មោះ អឿន សៀវម៉ី ដែលបដិសេដឈប់ស្រឡាញ់ខ្លួន។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធីផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច