អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស ២៤នាក់ស្លាប់ក្នុងការបាញ់ប្រហារគ្នា រវាងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន នឹងខ្មាន់កាំភ្លើងរបស់ក្រុមអ៊ិស្លាម IS នៅថ្ងៃទី៣ ខែសីហា ក្នុងមន្ទីរឃុំឃាំងនៃទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការបាញ់ប្រហារកើតឡើងក្រោយមួយថ្ងៃដែលខ្មាន់កាំភ្លើងក្រុមភេរវកម្មរដ្ឋអ៊ិស្លាមប្រមាណ៣០នាក់ វាយប្រហារទៅលើមន្ទីរឃុំឃាំងខាងលើបណ្តាលឲ្យមានអ្នកទោសជាច្រើនរត់ចេញពីគុក។
ការវាយប្រហារពីក្រុមភេរវកម្មរដ្ឋអ៊ិស្លាមធ្វើឡើងមានបែបបទយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងពេលភេរវករវាយប្រហារអត្តឃាតបំផ្ទុះគ្រាប់បែកបំផ្លាញទ្វារមន្ទីរឃុំឃាំង ក្រោយមកភេរវករបានសម្រុកចូលបាញ់សម្លាប់ឆ្មាំការពារមន្ទីរឃុំឃាំងដែលមានអ្នកទោសប្រមាណ ២ពាន់នាក់ ក្នុងនោះមានអ្នកទោស រដ្ឋអ៊ិស្លាមប្រមាណ៣០០នាក់។ កម្លាំងសន្តិសុខក៏បានមកដល់ហើយប៉ះទង្គិចគ្នាអូសបន្លាយជាច្រើនម៉ោង។
ភាគីខាងរដ្ឋាភិបាលមានមនុស្ស២១នាក់ស្លាប់ ក្នុងនោះមានទាំងពលរដ្ឋរងរបួស៤៣នាក់ ។ កម្លាំងប៉ូលិសនិងទាហាន បានខិតខំស្វែងរកចាប់អ្នកទោសមកវិញ។ទីក្រុងJalalabad ពេលនេះស្ថិតនៅក្នុងស្ថានភាពអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
នេះជាអំពើហិង្សាថ្មីបំផុតនៅអាហ្វហ្គានីស្ថាន ។ កាលពីថ្ងៃទី៣១ ខែកក្កដា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ បានចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យ Eid al-Adhaរបស់សាសនិកអ៊ិស្លាម។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់បន្តរក្សាដំណើរការពិភាក្សាស្វែងរកសន្តិភាពនៅក្នុងប្រទេសនេះ៕
ដោយ៖ធី រីណា