ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារនៅមន្ទីរឃុំឃាំងអាហ្វហ្គានីស្ថានស្លាប់​២៤នាក់

ចែករំលែក៖

អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស ២៤នាក់ស្លាប់ក្នុងការបាញ់ប្រហារគ្នា រវាងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន នឹងខ្មាន់កាំភ្លើងរបស់ក្រុមអ៊ិស្លាម IS ​នៅថ្ងៃទី​៣ ខែសីហា​ ក្នុងមន្ទីរ​ឃុំឃាំងនៃទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការបាញ់ប្រហារកើតឡើងក្រោយមួយថ្ងៃ​ដែលខ្មាន់កាំភ្លើងក្រុមភេរវកម្មរដ្ឋអ៊ិស្លាមប្រមាណ​៣០នាក់ វាយប្រហារទៅលើមន្ទីរឃុំឃាំងខាងលើបណ្តាលឲ្យមានអ្នកទោសជាច្រើន​រត់ចេញពីគុក​។
ការវាយប្រហារពីក្រុមភេរវកម្មរដ្ឋអ៊ិស្លាមធ្វើឡើងមានបែបបទយុទ្ធសាស្រ្តច្បាស់លាស់​ ក្នុងពេលភេរវករវាយប្រហារអត្តឃាត​បំផ្ទុះគ្រាប់បែកបំផ្លាញទ្វារមន្ទីរឃុំឃាំង ក្រោយមក​ភេរវករបានសម្រុកចូលបាញ់សម្លាប់ឆ្មាំការពារមន្ទីរឃុំឃាំងដែលមានអ្នកទោស​ប្រមាណ ២ពាន់នាក់ ក្នុងនោះមានអ្នកទោស រដ្ឋអ៊ិស្លាមប្រមាណ៣០០នាក់​។ កម្លាំងសន្តិសុខក៏បានមកដល់ហើយប៉ះទង្គិចគ្នាអូសបន្លាយជាច្រើន​ម៉ោង។
ភាគីខាងរដ្ឋាភិបាលមានមនុស្ស​២១នាក់ស្លាប់ ក្នុងនោះមានទាំងពលរដ្ឋ​រងរបួស៤៣នាក់ ។​ កម្លាំងប៉ូលិសនិងទាហាន បានខិតខំស្វែងរកចាប់អ្នកទោសមកវិញ​។ទីក្រុង​Jalalabad ពេលនេះស្ថិតនៅក្នុងស្ថានភាពអាសន្ន​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។
នេះជាអំពើហិង្សាថ្មីបំផុតនៅអាហ្វហ្គានីស្ថាន ។ កាលពីថ្ងៃទី​៣១ ខែកក្កដា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន​និងក្រុមតាលីបង់ បានចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល​៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យ Eid al-Adhaរបស់សាសនិកអ៊ិស្លាម​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​​និងក្រុមតាលីបង់បន្តរក្សាដំណើរការពិភាក្សាស្វែងរកសន្តិភាព​នៅក្នុងប្រទេសនេះ៕

ដោយ៖ធី រីណា


ចែករំលែក៖