ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកម្ពុជា សម្រេច​បន្ត​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​២​ខែ​បន្តទៀត ចំពោះ​អាជីវកម្ម​ទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពីថ្ងៃទី​៣១ កក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដោយសម្រេច​បន្ត​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​ពីរ​ខែ​បន្តទៀត ចំពោះ​អាជីវកម្ម​ទេសចរណ៍ ដូចជា​សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅតាម​បណ្ដា​ខេត្ត​ទេសចរណ៍​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំពោះការលើកលែង​ពន្ធ​នេះ គឺជាការ​ចូលរួម​របស់​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ផលប៉ះពាល់​វិស័យ​ទេសចរណ៍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិបទ​កូ​វីដ​-១៩​។

នៅក្នុងសម្រេច​របស់រដ្ឋាភិបាលខាងលើនេះ អាជីវកម្ម​ដែល​ស្ថិតនៅតាម​តំបន់​សក្ដានុពល​ទេសចរណ៍​ដូចជា៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាបព្រះសីហនុ កែប កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត នឹង​ត្រូវបាន​លើកលែង​ពន្ធ​រយៈពេល​ពី​ខែ​បន្ថែមទៀត ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​សេចក្តីសម្រេច​ដដែល​នេះបន្តថា សម្រាប់​ម្ចាស់​អាជីវកម្ម​សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន ដែល​បាន​ព្យួរ ឬ​នឹងត្រូវ​ព្យួរ ត្រូវដាក់​ពាក្យ​ស្នើរ​សុំ​ព្យួរ​កិច្ចសន្យាការងារ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​តាមរយៈ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្តដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​អាមេរិក ពី​សំណាក់​រដ្ឋាភិបាល​ ។

​ដោយឡែកក្រសួងទេសចរណ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​៤ សីហា ម្សិលមិញនេះបាន​ពន្យល់ថាក្រៅតែពី​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ក្រសួង​ក៏បាន​រៀបចំ​សេចក្ដីព្រៀង​គោលការណ៍​ណែនាំ​ស្ដីពី ការធ្វើដំណើរ​ដោយ​កន្លែង (Travel Bubble or One way Closed-loop Charted Plane) ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើនជាង​មុន​ផងដែរ​។

ក្រសួងទេសចរណ៍ បញ្ជាក់ទៀតថា សេចក្ដីព្រៀង​គោលការណ៍​ណែនាំ​នេះគឺជា​កញ្ចប់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​អ​ន្ត​រ​ជាតិ ដែលមាន​ការគ្រប់គ្រង​ត្រឹមត្រូវ ពី​បណ្ដា​តំបន់ ឬ​ប្រទេស​ដែលមាន​សុវត្ថិភាព​ពី​កូ​វីដ​-១៩​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បានអះអាងថា សម្រាប់​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដោយ​កន្លែង Travel Bubble នេះត្រូវមាន​ការឯកភាព​គាំទ្រ ពី​ក្រសួងសុខាភិបាល និង​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជាមុនសិន​៕ដោយ៖ស តារា


ចែករំលែក៖