បរទេស ៖អស្ចារ្យខ្លាំងណាស់! រត់គេចពីរបបខ្មែរក្រហមទៅរស់នៅអាមេរិកតាំងពីតូច ខំប្រឹងតស៊ូរៀនសូត្ររហូតក្លាយជាវិស្វករចូលរួមផលិតយានអវកាសនៅអង្គការNASA។កាលពីចុងខែកក្កដាកន្លងទៅនេះ អង្គការ (NASA) ទើបតែបានបាញ់រ៉ុក្កែត Atlas V អមដំណើរយាន Rover មួយឈ្មោះថា Perseverance ដែលបាញ់ចេញពីតំបន់ Cape Canaveral ក្នុងរដ្ឋ Florida នៅក្នុងបេសកកម្មទៅកាន់ភពព្រះអង្គាររបស់ខ្លួន ដើម្បីសិក្សាពីភូមិសាស្ត្រ និងលទ្ធភាពនៃវត្ថុមានជីវិត -ល- ។ បេសកកម្មនេះជាភាពជោគជ័យមួយសម្រាប់មនុស្សជាតិ ហើយវាគ្រោងទៅដល់ភពព្រះអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពួកយើងភាគច្រើនមិនបានដឹងទេថា មានវិស្វករខ្មែរយើងម្នាក់ បានចូលរួមចំណែកនៅក្នុងការបង្កើតយាន Perseverance នេះឡើងរាប់ឆ្នាំមកហើយ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mercury News បានឱ្យដឹងថា វិស្វករខ្មែរយើងម្នាក់នោះគាត់មានឈ្មោះថា Ny Sou Okon ដែលជាពលរដ្ឋខ្មែររស់នៅទឹកដីអាមេរិក ហើយរូបគាត់ និងស្វាមី បានធ្វើការជាវិស្វករនៅមន្ទីរ Jet Propulsion Laboratory របស់អង្គការណាសារាប់ឆ្នាំមកហើយ ដើម្បីធ្វើការបង្កើតយាន Rover ឈ្មោះថា Perseverance ជាមួយវិស្វករដទៃទៀត។ អ្នកស្រី Ny Sou Okon បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ហើយគាត់ជាមនុស្សដែលមានការព្យាយាម និងមិនគ្រាន់តែរៀនដើម្បីចប់យកសញ្ញាប័ត្រនោះទេ ទើបនៅទីបំផុតបានធ្វើការជាមួយ JPL របស់អង្គការណាសា។
ថ្វីបើអ្នកស្រី Ny Sou Okon បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់អាមេរិក និងបានចូលរួមចំណែកក្នុងការបង្កើតយាន Perseverance ឱ្យអង្គការណាសា ប៉ុន្តែជីវិតរបស់គាត់និងគ្រួសារ គឺធ្លាប់បានឆ្លងកាត់ការលំបាកច្រើនណាស់។ អ្នកស្រីបាននិយាយថា គាត់បានទៅដល់អាមេរិកកាលពីអំឡុងអាយុ ៥ ទៅ ៦ឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជាបានប្រឈមនឹងរបបប្រល័យពូជសាស្ត្រខ្មែរក្រហម។ មុននោះគាត់ក៏ធ្លាប់បានទៅរស់នៅវៀតណាមដើម្បីគេចពីខ្មែរក្រហម និងត្រឡប់មកកម្ពុជាវិញ ប៉ុន្តែដោយសារតែភ្លាមៗក្រោយមានសង្គ្រាមស្ថានភាពមិនបានប្រសើរឡើង ទើបគ្រួសាររបស់គាត់តស៊ូរហូតបានទៅរស់នៅអាមេរិកស្វែងរកក្ដីសង្ឃឹមថ្មី៕ដោយ៖ស សម