ភ្នំពេញ៖ បើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដោយសម្រេចបន្តការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេលពីរខែបន្តទៀត ចំពោះអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅតាមបណ្ដាខេត្តទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។ ចំពោះការលើកលែងពន្ធនេះ គឺជាការចូលរួមរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងផលប៉ះពាល់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទកូវីដ-១៩។
នៅក្នុងសម្រេចរបស់រដ្ឋាភិបាលខាងលើនេះ អាជីវកម្មដែលស្ថិតនៅតាមតំបន់សក្ដានុពលទេសចរណ៍ដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាបព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត នឹងត្រូវបានលើកលែងពន្ធរយៈពេលពីខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ។
សេចក្តីសម្រេចដដែលនេះបន្តថា សម្រាប់ម្ចាស់អាជីវកម្មសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន ដែលបានព្យួរ ឬនឹងត្រូវព្យួរ ត្រូវដាក់ពាក្យស្នើរសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្តដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ពីសំណាក់រដ្ឋាភិបាល ។
ដោយឡែកក្រសួងទេសចរណ៍ ពាក់ព័ន្ធនឹងបញ្ហានេះ ក៏បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ សីហា ម្សិលមិញនេះបានពន្យល់ថាក្រៅតែពីការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ក្រសួងក៏បានរៀបចំសេចក្ដីព្រៀងគោលការណ៍ណែនាំស្ដីពី ការធ្វើដំណើរដោយកន្លែង (Travel Bubble or One way Closed-loop Charted Plane) ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាប្រទេសកម្ពុជាច្រើនជាងមុនផងដែរ។
ក្រសួងទេសចរណ៍ បញ្ជាក់ទៀតថា សេចក្ដីព្រៀងគោលការណ៍ណែនាំនេះគឺជាកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវ ពីបណ្ដាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពីកូវីដ-១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអះអាងថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះត្រូវមានការឯកភាពគាំទ្រ ពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាលជាមុនសិន៕ដោយ៖ស តារា