លីបង់៖ ក្រោយការផ្ទុះកាលពីថ្ងៃទី៤ខែសីហានៅទីក្រុង Beirut មិនមានវត្តមានមេដឹកនាំលីបង់ទៅកាន់កន្លែងកើតហេតុនោះឡើយ ផ្ទុយទៅវិញប្រធានាធិបតីបារាំងលោកម៉ាក្រុងបានទៅកាន់កន្លែងកើតហេតុ ជួបជាមួយពលរដ្ឋ ហើយសន្យាថានឹងផ្តល់ជំនួយជួយដល់ពលរដ្ឋលីបង់និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ លោកម៉ាក្រុង បានឱបស្ត្រីម្នាក់នៅទីនោះផងដែរបង្ហាញពីការស្រឡាញ់គាំទ្រ។
ក្នុងរយៈពេលមិនដល់៤៨ម៉ោងក្រោយការផ្ទុះនៅទីក្រងុBeirut សម្លាប់មនុស្សកើនឡើងដល់១៥៧នាក់ និងរបួសជាង៥ពាន់នាក់ ហើយនិងធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង កាលពីថ្ងៃទី ៦ខែសីហា បានទៅតំបន់រងគ្រោះដោយការផ្ទុះ ជួបជាមួយពលរដ្ឋផ្ទាល់។ ផ្ទុយទៅវិញមេដឹកនាំលីបង់ ទាំងប្រធានាធិបតី បែរជាមិនបង្ហាញវត្តមានឡើយ ធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង។
លោកKhalil Honein ពលរដ្ឋក្នុងតំបន់រងគ្រោះបានលើកឡើងថា «ខ្ញុំមិនចង់ឲ្យបារាំងផ្តល់ជំនួយជាប្រាក់ មកកាន់អ្នកពុករលួយនោះឡើយ ។ ទុកឲ្យប្រធានាធិបតីបារាំង ដឹកនាំយើងវិញគឺជារឿងល្អបំផុត»។
ហេតុផលដែលមិនមានមេដឹកនាំលីបង់ទៅកាន់កន្លែងកើតហេតុដោយសារតែខ្លាចពលរដ្ឋ ខណៈដែលរដ្ឋាភិបាលពុករលួយនិងគ្រប់គ្រងទន់ខ្យោយ។ ក្រុមអ្នកស្ម័គ្រចិត្តបានស្រក់ទឹកភ្នែក ដោយសារតែការបែងចែកបក្ខពួកនៅចំមុខតែម្តង និងអំពើពុករលួយ ដែលជាហេតុធ្វើឲ្យថ្នាក់ដឹកនាំមិនហ៊ានបង្ហាញខ្លួន។
កន្លងមកពលរដ្ឋលីបង់បាននាំគ្នាធ្វើបាតុកម្ម ទាមទាររំលាយរដ្ឋាភិបាល ដោយសារតែការគ្រប់គ្រងទន់ខ្សោយនិងអំពើពុករលួយ។ ទាំងនោះហើយបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិធ្លាក់ចុះ និងពលរដ្ឋអត់ការងារធ្វើកាន់តែច្រើន។
ចំណែកការទប់ស្កាត់កូវីដ-១៩ ក៏មិនមានប្រសិទ្ធភាពផងដែរ៕
ដោយ៖ធី រីណា