ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារសពអតីតយុទ្ធជនខេត្តព្រះវិហារ បានទទួលថវិកាគោលនយោបាយពីរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តព្រះវិហារ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកថវិកាគោលនយោបាយធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនគ្រួសារសពអតីតយុទ្ធជនចំនួន១០គ្រួសារ ដែលជាថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនបន្ថែមក្រៅពីជួយធ្វើផ្ទះ ផ្តល់ដីសង្គមកិច្ច ប័ណ្ណថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗ។

ពិធីនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង ព្រះវិហារ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ តំណាងឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ព្រះវិហារ រួមជាមួយ ក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក បានចូលរូមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ក្នុងគ្រួសារ ក៏ដូចជាការបាត់បង់នូវអតីតយុទ្ធជន ដែលបានខិតខំតស៊ូបម្រើជាតិកន្លងមក។ លោកបន្តថា នេះជាការដឹងគុណចំពោះស្នាដៃ និងការលះបង់របស់អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនប្រទេសជាតិក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះដែរ តំណាងគ្រួសារសពអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង ដល់ក្រុមគ្រួសារពួកគាត់៕

ដោយ៖សូរិយា


ចែករំលែក៖