ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋលីបង់៖ ទុកឲ្យលោកម៉ាក្រុង ធ្វើជាប្រធានាធិបតីដឹកនាំលីបង់វិញ

ចែករំលែក៖

លីបង់៖ ក្រោយការផ្ទុះកាលពីថ្ងៃទី​៤ខែសីហានៅទីក្រុង Beirut មិនមានវត្តមានមេដឹកនាំលីបង់ទៅកាន់កន្លែងកើតហេតុ​នោះឡើយ ផ្ទុយទៅវិញប្រធានាធិបតីបារាំង​លោកម៉ាក្រុងបានទៅកាន់កន្លែងកើតហេតុ ជួបជាមួយពលរដ្ឋ ហើយសន្យាថានឹងផ្តល់ជំនួយ​ជួយដល់ពលរដ្ឋលីបង់និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ លោកម៉ាក្រុង បានឱបស្ត្រីម្នាក់នៅទីនោះផងដែរបង្ហាញពីការស្រឡាញ់គាំទ្រ។
ក្នុងរយៈពេល​មិនដល់​៤៨ម៉ោងក្រោយការផ្ទុះ​នៅទីក្រងុ​Beirut សម្លាប់មនុស្សកើនឡើង​ដល់១៥៧នាក់ និងរបួសជាង​៥ពាន់នាក់ ហើយនិងធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង​។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង កាលពីថ្ងៃទី ៦ខែសីហា បានទៅតំបន់រងគ្រោះដោយការផ្ទុះ ជួបជាមួយពលរដ្ឋផ្ទាល់។ ផ្ទុយទៅវិញមេដឹកនាំលីបង់ ទាំងប្រធានាធិបតី បែរជាមិនបង្ហាញវត្តមានឡើយ ធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង​។
លោកKhalil Honein ពលរដ្ឋ​ក្នុងតំបន់រងគ្រោះបានលើកឡើងថា «ខ្ញុំមិនចង់ឲ្យបារាំងផ្តល់ជំនួយជាប្រាក់ មកកាន់អ្នកពុករលួយនោះឡើយ ។ ទុកឲ្យប្រធានាធិបតីបារាំង ដឹកនាំយើងវិញគឺជារឿងល្អបំផុត»។
ហេតុផលដែលមិនមានមេដឹកនាំលីបង់​ទៅកាន់កន្លែងកើតហេតុ​ដោយសារតែខ្លាចពលរដ្ឋ ខណៈដែលរដ្ឋាភិបាលពុករលួយនិងគ្រប់គ្រងទន់ខ្យោយ។ ក្រុមអ្នកស្ម័គ្រចិត្តបានស្រក់ទឹកភ្នែក ដោយសារតែការបែងចែកបក្ខពួកនៅចំមុខតែម្តង និងអំពើពុករលួយ ដែលជាហេតុ​ធ្វើឲ្យថ្នាក់ដឹកនាំមិនហ៊ានបង្ហាញខ្លួន។
កន្លងមក​ពលរដ្ឋលីបង់បាននាំគ្នាធ្វើបាតុកម្ម ទាមទាររំលាយរដ្ឋាភិបាល ​ដោយសារតែការគ្រប់គ្រងទន់ខ្សោយនិងអំពើពុករលួយ​។ ទាំងនោះហើយបានធ្វើឲ្យ​សេដ្ឋកិច្ចប្រទេសជាតិធ្លាក់ចុះ​ និងពលរដ្ឋអត់ការងារធ្វើកាន់តែច្រើន​។

ចំណែកការទប់ស្កាត់កូវីដ​-១៩ ក៏មិនមានប្រសិទ្ធភាពផងដែរ៕

ដោយ៖ធី រីណា


ចែករំលែក៖