ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ី​ចាប់ខ្លួនអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដើម្បីស្រាវជ្រាវ​ករណីពុករលួយ

ចែករំលែក៖

ម៉ាឡេស៊ី៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​​ម៉ាឡេស៊ី​លោក Lim Guan Eng ត្រូវបានចាប់ឃុំខ្លួន​ដើម្បីបើកការស្រាវជ្រាវពាក់ព័ន្ធនឹងគម្រោង ផ្លូវក្រោមបាតសមុទ្រ​មានតម្លៃជាង​១,៥ពាន់លានដុល្លារ​។
សារព័ត៌មាន ​SCMP បានផ្សាយថា នៅក្នុងសេចក្តីប្រកាស​របស់គណៈកម្មការប្រឆាំងអំពើពុករលួយ​ម៉ាឡេស៊ី (MACC)​ បានឲ្យដឹងថា លោក Lim Guan Eng ត្រូវប្រឈមនឹងការសម្រេច​សាលក្រម​៣ផ្សេងគ្នា តាមច្បាប់ប្រឆាំងអំពើពុករលួយរបស់​ម៉ាឡេស៊ី។​ រយៈពេលកន្លងមក​ លោក​ Lim Guan Eng បានផ្តល់ព័ត៌មាន​ដើម្បីបម្រើការស្រាវជ្រាវ របស់(MACC)​ ពាក់ព័ន្ធគម្រោងផ្លូវក្រោមបាតសមុទ្រនៅ Penang។
គម្រោងផ្លូវក្រោមដី​ត្រូវបានចុះហត្ថលេខាដោយលោក​ Lim Guan Eng ពេលកាន់តំណែងជា​អភិបាលរដ្ឋ​Penang ក្នុងដំណាក់កាលឆ្នាំ​២០០៨ដល់ឆ្នាំ​២០១៨​ ពាក់ព័ន្ធ​គម្រោងធ្វើផ្លូវ Metro ​និងផ្លូវក្រោមដីឆ្លងកាត់Penang។
នៅក្នុងការដេញថ្លៃកាលពីឆ្នាំ​២០១៣​ គម្រោង​សាងសង់បានទៅលើក្រុមហ៊ុន Zenith Construction របស់ម៉ាឡេស៊ី និងក្រុមហ៊ុនសាងសង់​សំណង់ប៉េកាំង។​ ក្រោយមកក្រុមហ៊ុនម៉ាឡេស៊ី​បានទិញភាគហ៊ុនពីក្រុមហ៊ុនចិនវិញ​។ នៅពេលនេះ​ក្រុមហ៊ុន ផ្លូវដែក​ចិនបានទទួលបន្ទុកបច្ចេកទេសទិញសម្ភារ៕

ដោយ៖ធី រីណា


ចែករំលែក៖