អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃទី៥ ខែសីហាថ្មីៗនេះថាសមុទ្រចិនខាងត្បូងមិនមែនជាទីតាំងនៃនយោបាយអន្តរជាតិឡើយ។ ហើយលោ កវ៉ាង បានទទូចឲ្យបណ្តាប្រទេសអាស៊ាន បន្តការពិភាក្សាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានចិន Xinhua ប្រមុខការទូតចិនលោក វ៉ាង យី បានអះអាងថា៖ «ក្នុងស្ថានការណ៍បច្ចុប្បន្ន ចិនស្នើឲ្យធ្វើការរួមគ្នាក្នុងការបំបាត់ចោលនូវរាល់ការរំខានទាំងឡាយ ដើម្បីចាប់ផ្តើមការពិភាក្សាសារឡើងវិញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងកាន់តែឆាប់តាមតែអាចធ្វើទៅបាន និងយល់ព្រមលើសំណុំបញ្ញត្តិនានាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ក្នុងរយៈពេលយូរខាងមុខ»។
ប្រមុខការទូតរូបនេះ គូសបញ្ជាក់ថា សមុទ្រចិនខាងត្បូងជាផ្ទះរបស់ប្រទេសក្នុងតំបន់ និងមិនមែនជាកន្លែងប្រកួតប្រជែងនយោបាយអន្តរជាតិឡើយ។លោក បន្ថែមថា មានតែកិច្ចពិភាក្សាប៉ុណ្ណោះដែលជាវិធីក្នុងការដោះស្រាយជម្លោះ និងបានអំពាវនាវឲ្យប្រទេសទាំងអស់ខិតខំបន្ថែមទៀតក្នុងការសម្រេចក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លោកសង្កត់ធ្ងន់ថា ចិន និងអាស៊ាន គួរតែធ្វើការជាមួយគ្នាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជម្លោះ។
ទីភ្នាក់ងារព័ត៌មានចិន Xinhua និយាយទៀតថា ក្រៅតែពីរឿងក្រមប្រតិបត្តិនេះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ ក៏បានលើកឡើងផងដែរថាចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាមួយបណ្តារប្រទេសពាក់ព័ន្ធ ដើម្បីរឹតចំណងសន្តិសុខ និងការអភិវឌ្ឍរួមដើម្បីធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយទៅជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ក្នុងកិច្ចសម្ភាសដដែល រដ្ឋមន្ត្រីការបរទេសចិន ក៏ឆ្លៀតលើកឡើងផងដែរពីសកម្មភាពបង្កហេតុរបស់អាមេរិកក្នុងសមុទ្រចិនខាងត្បូងដូចជាបញ្ជូនយន្តហោះជាង២០០០ដងចូលទៅក្នុងតំបន់ជម្លោះមួយនេះ។ បន្ថែមពីនេះលោកក៏បានចោទអាមេរិកចំៗថា មានបំណងបង្ករអស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង និងបង្កើតជាការរំខាន រារាំងការពិភាក្សាពីក្រមប្រតិបត្តិ។
សូមជម្រាបថា ការលើកឡើងរបស់ប្រមុខការបរទេសចិនទាក់ទងនឹងសមុទ្រចិនខាងត្បូង ធ្វើឡើងក្នុងបរិបទដែលការប្រឈមមុខរវាងចិននិងអាមេរិកកំពុងតែកើនឡើងក្នុងតំបន់នេះ។ ជាក់ស្តែងអាមេរិក និងបន្ទាប់មកអូស្ត្រាលីបានចេញមុខមិនទទួលស្គាល់ការទាមទារអធិបតេយ្យភាពរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ដោយអះអាងថា មិនអនុលោមតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែប្រឈមគ្នាលើបញ្ហាជាច្រើន កាន់តែធ្ងន់ធ្ងរ និងរ៉ាំរ៉ៃជាងមុនដូចជាបញ្ហាពាណិជ្ជកម្មជំងឺឆ្លងCOVID-19 កោះតៃវ៉ាន់ បញ្ហាសិទ្ធិមនុស្សនៅស៊ីងជាំង និងការបិទស្ថានកុងស៊ុលគ្នាទៅវិញទៅមកនៅពេលថ្មីៗនេះ៕ដោយ៖ស តារា