អន្តរជាតិ៖ ក្នុងពេលកំពុងធ្វើសន្និសីទកាសែតនៅថ្ងៃទី១០ ខែសីហា ប្រធានាធិបតីដូណាល់ ត្រាំត្រូវបានក្រុមចារកិច្ច បញ្ជូនចូលក្នុងជាបណ្តោះអាសន្នក្រោយពីមានករណីផ្ទុះអាវុធនៅខាងក្រៅសេតវិមាន។
ហេតុការណ៍កើតឡើងក្នុងពេលដែលលោកត្រាំកំពុងតែថ្លែងក្នុងសន្និសីទកាសែតមិនទាន់បាន៣នាទីផង។ ក្នុងពេលលោកត្រាំកំពុងនិយាយក៏មានក្រុមសន្តិសុខម្នាក់មកស្នើឲ្យចាកចេញពីទីនេះជាបន្ទាន់ ហើយលោកត្រាំក៏បានចាកចេញតែម្តង។
មន្ត្រីចារកិច្ចអាមេរិកបាននិយាយថា«លោកម្ចាស់! យើងត្រូវតែធ្វើអន្តរាគមន៍ ។ លោកត្រាំក៏បានងាកមកសួរវិញថា មានការអ្វី? នៅពេលនោះមន្ត្រីចារកិច្ចនិយាយខ្សិឹបដាក់ត្រចៀកលោកត្រាំ ក្នុងពេលនោះលោកត្រាំងាកមកនិយាយពាក្យសុំទោសទៅកាន់អ្នកសារព័ត៌មាន ហើយក៏ចាកចេញទៅភ្លាមៗ។ ក្រោយមកលោកត្រាំក៏បានវិលត្រឡប់មកវិញហើយបកស្រាយពីបញ្ហាខាងលើ។
លោកត្រាំបាននិយាយថា «ខ្ញុំសូមអរគុណដល់ក្រុមចារកិច្ចដែលតែងតែធ្វើសកម្មភាពបានរហ័សនិងប្រសិទ្ធភាពបំផុត។ មានករណីផ្ទុះអាវុធនៅខាងក្រៅ មានមនុស្សរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ខ្ញុំមិនដឹងពិីស្ថានភាពអ្នកនោះឡើយ »។
អ្នកសារព័ត៌មានសួរថា តើការគំរាមកំហែងខាងលើសំដៅទៅលើរូបលោកដែរឬទេ ? លោកត្រាំនិយាយថាមិនទាន់ដឹងច្បាស់នៅឡើយទេ តែជនដែលត្រូវក្រុមចារកិច្ចបាញ់ប្រហារមានអាវុធជាប់នឹងខ្លួន ។ លោកត្រាំក៏បានសន្យាថានឹងផ្តល់ព័ត៌មានច្បាស់លាស់នៅពេលក្រោយ៕ដោយ៖ធី រីណា