ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ សុំចិត្តបងប្អូនកុំចោលសំរាម សំណល់រឹងតាមដងផ្លូវ ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧-២១ សីហា ខណៈខ្វះកម្មករប្រមូល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ស្របតាមអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យមន្ត្រី រាជការ និយោជិត កម្មករ ឈប់សម្រាកការងារ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលឈប់សម្រាកតាមកាលបរិច្ឆេទខាងលើនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នឹងមិនបានល្អដូចថ្ងៃធម្មតាទេ ព្រោះកម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី នឹងអវត្តមានមួយចំនួន។ ដើម្បីថែរក្សា សោភ័ណភាព អនាម័យបរិស្ថាន នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម មកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យ បរិស្ថានរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរជាមិនខាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖