ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការេងកងទ័ពជើងគោក បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះបងប្អូនយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានបំពេញបេសកកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយយោធិននារីចូលសោធននិវត្តន៍ និងពិការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់កងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ ក្នុងនាមលោក មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី ក៏បានរំលឹកឡើងវិញនូវគុណតំលៃ ស្នាដៃ និងគុណសម្បត្តិ របស់យុទ្ធនារីយើងដែលបានចូលរួមនឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ការបន្សល់ទុកស្នាដៃធំធេងនេះ គឺជាគំរូវីរភាព និងជាប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ មិនអាចបំភ្លេចបាន និង ដក់ជាប់ក្នុងក្រអៅបេះដូងយើងគ្រប់ៗរូប ហើយក៏ជាគំរូវីរភាពដ៏ប្រសើរសម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗទៀត។
លោក ចាប វ៉ាន្នី បានបន្តទៀតថា ការដាក់យោធិនអាជីពទាំងពីរភេទដល់អាយុឲ្យចូលសោធននិវត្តន៍ មិនមែនមានតែយុទ្ធនារីនោះទេ គឺមានជាបន្តបន្ទាប់ដោយអនុវត្តន៍ តាមច្បាប់សោធនរបស់កងយោធពលខេមរភូមិន្ទបានកំណត់ ហើយការដាក់អោយយោធិនកងទ័ពជើងគោកចូលនិវត្តន៍នាពេលនេះ ក៏ជាលើកទី២ផងដែរ។ ដោយឡែកយោធិននារីដែលជាសមាជិកនៃសមាគមយេនឌ័រកងទ័ពជើងគោក ទោះបីក្លាយជាជនស៊ីវិលក៏ដោយ ក៏សមាគមនៅតែផ្តល់លទ្ធភាពបន្តជាសមាជិកនៃសមាគមនេះបន្តទៀត ដោយគ្រាន់តែបំពេញលក្ខ័ណ្ឌរបស់សមាគមបានកំណត់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាពពេញលេញ និងបានបញ្ចប់សង្គ្រាមផ្ទៃក្នុង ក្រោមនយោបាយ ឈ្នះ ឈ្នះ ព្រមទាំងបានដាក់ចេញនូវការអនុវត្តន៍កំណែទម្រង់ កងយោធពលខេមរភូមិន្ទ រួមទាំងគោលនយោបាយជាតិសំខាន់ៗ ក៏ដូចជាការយកចិត្តទុកដាក់អនុវត្តន៍ នូវគោលនយោបាយចំពោះយោធិនពលី មរណៈ ពិការ បាត់បង់សមត្ថភាពការងារ យោធិននិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយបានគោរព និង ដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិ មាតុភូមិ និងប្រជាជន ជាមួយនឹងការយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី សម្ភារ ថវិកាជាបន្តបន្ទាប់៕
ដោយ៖ សុខ ខេមរា