ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​ឥណ្ឌា ព្រមានរដ្ឋាភិបាលចិន​ជាថ្មី​ ពាក់ព័ន្ធ​បញ្ហា​តានតឹង​នៅ​ព្រំដែន

ចែករំលែក៖

   អន្តរជាតិ៖ ចំថ្ងៃបុណ្យឯករាជ្យជាតិរបស់ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ទី១៥ខែសីហា ឆ្នាំ២០២០នេះ លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានព្រមានរដ្ឋាភិបាលចិនសារជាថ្មីពាក់ព័ន្ធបញ្ហាតានតឹងនៅព្រំដែនប្រទេសទាំងពីរ ដោយសន្យាពង្រឹងកម្លាំងយោធាកាន់តែខ្លាំងថែមទៀត ខណៈការចរចារឿងព្រំដែនជាមួយចិនបន្តជាប់គាំង ដោយលោក សង្កត់ធ្ងន់ថាអធិបតេយ្យភាពរបស់ឥណ្ឌា គឺខ្ពស់បំផុត ហើយទំនាក់ទំនងជាមួយប្រទេសជិតខាង អាស្រ័យលើសន្តិសុខ និងការជឿជាក់

នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ អះអាងនៅចំពោះមុខអ្នកចូលរួមជាងពាន់នាក់នៅទីលាន Red Fort ក្នុងទីក្រុង ញ៉ូ ដេលីពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសប៉ាគីស្ថាន និងចិន លើព្រំដែនដែលកំពុងមានជម្លោះរបស់ពួកគេដោយពុំនិយាយចំៗឈ្មោះប្រទេសទាំងពីរឡើយ

លោក ណារិន្ទដ្រា ម៉ូឌី សង្កត់ធ្ងន់ថា «​អ្នកណាដែលហ៊ានចោលភ្នែកទៅលើដែនអធិបតេយ្យរបស់ប្រទេសយើង កងទ័ពយើងនឹងឆ្លើយតបទៅពួកគេដោយប្រើភាសាពួកគេផ្ទាល់តែម្ដង​»​ លោកនាយករដ្ឋមន្ត្រី និយាយបញ្ឆិតបញ្ឆៀងបែបនេះ ដោយចង់មានន័យថា៖ បើនរណាហ៊ានប្រើកម្លាំងដាក់ឥណ្ឌា ឥណ្ឌានឹងប្រើកម្លាំងតបវិញ

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក បញ្ជាក់ទៀតថា«​បូរណភាពទឹកដីរបស់ឥណ្ឌាគឺខ្ពស់បំផុតសម្រាប់យើង អ្វីដែលយើងអាចធ្វើបាន អ្វីដែលកងទ័ពយើងអាចធ្វើបាន គ្រប់គ្នាបានមើលឃើញហើយក្នុងតំបន់ Ladakh»​ លោកសំដៅលើការប៉ះទង្គិចព្រំដែនជាមួយកងទ័ពចិនក្នុងតំបន់ Ladakh លើជួរភ្នំ ហិមពាន្ត កាលពីថ្ងៃទី ១៥ ខែមិថុនា

លោក ម៉ូឌី លើកឡើងក្នុងសុន្ទរកថាដដែលថា ឥឡូវនេះ ទំនាក់ទំនងជាមួយប្រទេសជិតខាង គឺជាប់ពាក់ព័ន្ធនឹង សន្តិសុខ ដំណើរការ និងការជឿជាក់លោកថា«​ប្រទេសជិតខាង គឺមិនគ្រាន់តែជាប្រទេសមួយដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះទេ តែជាអ្នកដែលចែករំលែកបេះដូងផងដែរ ទំនាក់ទំនងកាន់តែកក់ក្ដៅ កាលណាចេះគោរពគ្នាទៅវិញទៅមក​»​

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី អះអាងថា កងទ័ពសកម្មឥណ្ឌាទាំង,លាននាក់ នឹងត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងថែមទៀត លោកអះអាងដូច្នេះថា បន្ថែមពីការតាំងចិត្តរឿងសន្តិសុខខ្លួន និងពង្រឹងសមត្ថភាពយោធាប្រទេសឥណ្ឌាក៏ចង់បានសន្ដិភាពនិងភាពសុខដុមដែរ

គួររម្លឹកថា កន្លងទៅកងទ័ពឥណ្ឌា២០នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានោះ ដែលកងទ័ពនៃប្រទេសទាំងពីរប្រយុទ្ធ ដោយប្រើដំបងព័ទ្ធលួស ដុំថ្មនិងដៃទទេរ ចំណែកឯខាងចិនក៏បានទទួលស្គាល់ថាកងទ័ពស្លាប់ក្នុងហេតុការណ៍នេះ តែពុំបានបញ្ចេញតួលេខឡើយ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមក ហើយកងទ័ពចិននិងឥណ្ឌារាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ជម្លោះនោះ បញ្ហាព្រំដែនមិនទាន់ដាច់ស្រាច់នេះ កើតឡើងតាំងពីឆ្នាំ១៩៦២មកម្ល៉េះដោយ៖ស តារា


ចែករំលែក៖