ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបុករះម៉ូតូសណ្ដោងរ៉ឺម៉ក១ គ្រឿងនិងរថយន្ត ៣គ្រឿងនៅផ្លូវវេងស្រេង​ រងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង​បេីកបរដោយបុរសម្នាក់​ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក រួចបន្តទៅបុករថយន្ត៣គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង៩ និង ៤០ នាទីព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្សារដីថ្មី តាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអីវ៉ាន់បើកតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចទៅកេីត​លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ​ ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 3D-4627 តាមបណ្តោយផ្លូវវេងស្រេងដូចគ្នាក្នុងល្បឿនលឿន​ដោយចាប់ហ្រ្វ័ងមិនទាន់ជ្រុលបុករ៉ឺម៉កម៉ូតូសណ្ដោងរួចអូសប្រហែលជា៥ម៉ែត្រ ពេលនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលមកបុកជាមួយនឹងរថយន្តម៉ាក lexus RX300 ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2AO-4954 មួយគ្រឿងទៀតហើយបន្តទៅបុករថយន្ត ២គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានកល់ជាមួយនឹងទ្រូងពុះចែកផ្លូវទៅមុខលែងរួច ចំណែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានរងរបួសស្រាលត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះ។

       ភ្លាមៗនោះដែលសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ​ បានចុះទៅដល់កន្លែងកើតហេតុ និងជួយធ្វើចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ​ ព្រមទាំងសម្របសម្រួលភាគីទាំងសងខាង​ ដោយម្ចាស់រថយន្តបង្កក៏បានសងសំណងទៅលើរ៉ឺម៉កនឹងចេញថ្លៃព្យាបាលរបួស ចំណែករថយន្ត៣គ្រឿងទៀតក៏ម្ចាស់រថយន្តបង្កព្រមសងសំណងដើម្បីបញ្ចប់រឿងនៅកន្លែងផងដែរ​ ៕ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖